សៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំដកបទពិសោធន៍ការងារការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីទទួលព្រះរាជវត្តមានព្រះមហាក្សត្រកម្ពុជា និងប្រធានាធិបតីបារាំង ព្រមទាំងបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងដាក់ចេញទិសដៅការងារបន្ត។

សូមចុចអាន៖ កម្ពុជា-រាជាណាចក្ររួម នៃព្រីតថេន និងអៀរឡង់ខាងជើង បន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ តាមរយៈ​ការចុះ MOU រួមដៃគ្នាប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានការចូលរួមពីស្នងការរង ថ្នាក់ដឹកនាំការិយាល័យជំនាញ អធិការនគរបាលក្រុង-ស្រុក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានដឹកនាំពិនិត្យ និងវាយតម្លៃលទ្ធផលនៃការអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្នុងឱកាសព្រះរាជពិធីបិទបញ្ចប់ការដ្ឋានជួសជុល និងសម្ពោធប្រាសាទមេបុណ្យខាងលិច ដែលមានការយាងចូលរួមពីព្រះមហាក្សត្រកម្ពុជា និងឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។

ការដកបទពិសោធន៍នេះ ផ្តោតលើការពិនិត្យចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ក្នុងពេលអនុវត្តប្រតិបត្តិការ ដើម្បីកែលម្អផែនការ និងបង្កើនប្រសិទ្ធភាពការងារការពារសន្តិសុខ សុវត្ថិភាព សម្រាប់ការរៀបចំព្រឹត្តិការណ៍សំខាន់ៗនាពេលខាងមុខ។

ជាមួយគ្នានេះ កិច្ចប្រជុំក៏បានបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៦ ដោយពិនិត្យលើសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើស ការងារគ្រប់គ្រងរដ្ឋបាល ចរាចរណ៍ និងការងារជំនាញផ្សេងៗ ព្រមទាំងដាក់ចេញទិសដៅអនុវត្តបន្ត។

សូមចុចអាន៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ មន្រ្តីនគរបាលមិនអាចអន្តរាគមន៍លើករណីដែលខ្លួនពាក់ព័ន្ធបានឡើយ

ជាពិសេស ពាក់ព័ន្ធនឹងការត្រៀមរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ លោកស្នងការបានណែនាំដល់គ្រប់អង្គភាពជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវត្រៀមកម្លាំង មធ្យោបាយ សម្ភារៈ និងផែនការអន្តរាគមន៍ឱ្យបានគ្រប់គ្រាន់ ព្រមទាំងបែងចែកភារកិច្ចតាមគោលដៅឱ្យបានច្បាស់លាស់។

ទន្ទឹមនឹងនេះ ត្រូវពង្រឹងការគ្រប់គ្រងសន្តិសុខនៅតាមតំបន់ប្រមូលផ្តុំប្រជាពលរដ្ឋ តំបន់ទេសចរណ៍ កន្លែងកម្សាន្ត និងដងផ្លូវសំខាន់ៗ ព្រមទាំងរៀបចំកម្លាំងប្រចាំការ ល្បាត និងអន្តរាគមន៍ ដើម្បីបង្ការ ទប់ស្កាត់បទល្មើស រក្សាសណ្តាប់ធ្នាប់ចរាចរណ៍ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។

ជាចុងក្រោយ លោកស្នងការបានជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់អង្គភាព បន្តបំពេញតួនាទី ភារកិច្ចដោយការទទួលខុសត្រូវខ្ពស់ ពង្រឹងសាមគ្គីភាព និងកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ៕

Share.