ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានបោះជំហានទៅមុខប្រកបដោយភាពវិជ្ជមានមួយកម្រិតទៀតក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនសមុទ្រដោយសន្តិវិធី ដោយភាគីទាំងពីរសម្រេចបាននូវការយល់ដឹងរួមលើទិដ្ឋភាពបច្ចេកទេស និងបានឯកភាពគ្នាអនុញ្ញាតឱ្យគណៈកម្មការផ្សះផ្សាអន្តរជាតិ ចុះទស្សនកិច្ចពិនិត្យទីតាំងជាក់ស្ដែងនៅតាមបណ្ដាកោះ និងលក្ខណៈភូមិសាស្ត្រពាក់ព័ន្ធនៅឆ្នេរសមុទ្រនៃប្រទេសទាំងពីរ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លទ្ធផលដ៏សំខាន់នេះត្រូវបានសម្រេចឡើងនៅក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សា ដែលប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមមាត្រា ២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ (UNCLOS)។

យ៉ាងណាមិញ លទ្ធផលស្នូលទាំង ២ ពីកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួត្រូវបានលេចរូបរាងឡើងរួមមាន៖

១.ការបង្កើតក្រុមការងារបច្ចេកទេសរួម និងការឯកភាពលើប៉ារ៉ាម៉ែត្រព្រំដែនសមុទ្រ
ក្នុងអំឡុងកិច្ចប្រជុំរយៈពេល ៤ថ្ងៃនេះ ភាគីកម្ពុជា និងថៃ បានបង្កើត «ក្រុមការងារបច្ចេកទេសរួម» ដែលមានសមាសភាពអ្នកជំនាញមកពីភាគីទាំងពីរ និងសមាជិកនៃគណៈកម្មការផ្សះផ្សា ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រ។ ជាលទ្ធផល ភាគីទាំងពីរបានឈានដល់ការយល់ដឹងរួមគ្នាលើសំណុំនៃប៉ារ៉ាម៉ែត្របច្ចេកទេស ដែលត្រូវយកមកប្រើប្រាស់សម្រាប់ការកំណត់ព្រំដែនសមុទ្រ។

២.ការឯកភាពឱ្យចុះពិនិត្យទីតាំងជាក់ស្ដែង
ដោយឈរលើមូលដ្ឋានវិជ្ជមានពីកិច្ចប្រជុំមុនៗ ភាគីទាំងពីរ និងគណៈកម្មការ បានឯកភាពគ្នាថា ការចុះទស្សនកិច្ចរបស់គណៈកម្មការនៅតាមកោះ និងលក្ខណៈភូមិសាស្ត្រពាក់ព័ន្ធនៅតាមឆ្នេរសមុទ្រនៃរដ្ឋទាំងពីរ នឹងជួយឱ្យគណៈកម្មការទទួលបានការយល់ដឹងកាន់តែច្បាស់អំពីភូមិសាស្ត្រ និងបរិបទជាក់លាក់នៃតំបន់វិវាទ។ ភាគីពាក់ព័ន្ធក៏បានពិភាក្សារួចរាល់អំពីនីតិវិធី និងទិដ្ឋភាពជាក់ស្ដែងសម្រាប់ដំណើរទស្សនកិច្ចនេះផងដែរ។

ដោយឡែកជុំវិញលទ្ធផលនៃកិច្ចប្រជុំលើកទី៣ នេះ ថ្នាក់ដឹកនាំការទូតនៃប្រទេសទាំងពីរ និងប្រធានគណៈកម្មការផ្សះផ្សា សុទ្ធតែបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ថា៖ «កម្ពុជា និងថៃ នឹងនៅតែជាអ្នកជិតខាងនឹងគ្នាជានិច្ច។ វឌ្ឍនភាពដែលសម្រេចបាននៅទីក្រុងគូឡាឡាំពួ លើទិដ្ឋភាពបច្ចេកទេសនៃការកំណត់ព្រំដែនសមុទ្រ គឺជាជំហានទៅមុខសម្រាប់ទាំងកម្ពុជា និងថៃ… យើងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ភាគីថៃ ហើយនឹងបន្តធ្វើការដោយសុច្ឆន្ទៈ ដើម្បីកសាងទំនុកចិត្តឡើងវិញ និងឈានទៅរកលទ្ធផលដែលផ្ដល់ផលប្រយោជន៍ដល់ប្រជាជាតិទាំងពីរ ក៏ដូចជាតំបន់ទាំងមូល»។

ចំណែកលោក ស៊ីហាសាក់ ភួងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ បានថ្លែងថា៖ «ថៃនឹងបន្តចូលរួមក្នុងន័យស្ថាបនានៅក្នុងដំណើរការផ្សះផ្សានេះ ហើយសង្ឃឹមថានឹងឃើញវឌ្ឍនភាពជាបន្តបន្ទាប់លើការកំណត់ព្រំដែនសមុទ្ររវាងថៃ និងកម្ពុជា។ យើងសង្ឃឹមថា ដំណើរការទៅមុខនេះនឹងនាំមកនូវផលប្រយោជន៍ជាវិជ្ជមានសម្រាប់ទំនាក់ទំនងរបស់យើង»។

សម្រាប់លោកស្រី ខាទ្រីណា ឃូភើ (Katrina Cooper) ដែលប្រធានគណៈកម្មការផ្សះផ្សា បានវាយតម្លៃថា ការយល់ដឹងផ្នែកបច្ចេកទេសដែលសម្រេចបាន នឹងធានាថាការចរចាប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព ខណៈការចុះពិនិត្យទីតាំងជាក់ស្ដែងនឹងផ្ដល់ឱ្យគណៈកម្មការនូវការយល់ដឹងផ្ទាល់ភ្នែកអំពីតំបន់ពាក់ព័ន្ធនឹងនីតិវិធីនេះ។

យ៉ាងណាមិញ បន្ទាប់ពីគណៈកម្មការផ្សះផ្សាដែលមានសមាជិក ៥រូប ដែលបានដឹកនាំដោយលោកស្រី ខាទ្រីណា ឃូភើ ជនជាតិអូស្ត្រាលី រួមជាមួយសមាជិកមកពីដាណឺម៉ាក បារាំង អាហ្វ្រិកខាងត្បូង និងអាល្លឺម៉ង់ បានបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសកម្ពុជា និងថៃរួចរាល់ ភាគីទាំងពីរ និងគណៈកម្មការ នឹងរៀបចំកិច្ចប្រជុំបន្តទៀត ដើម្បីពង្រីកវឌ្ឍនភាពដែលមានស្រាប់ និងស្វែងរកចំណុចរួមបន្ថែមទៀត។

គួររំលឹកថា នីតិវិធីផ្សះផ្សានេះ ត្រូវបានផ្ដួចផ្ដើមឡើងដោយព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈលិខិតជូនដំណឹងផ្ដើមនីតិវិធីផ្សះផ្សាជូនទៅប្រទេសថៃ ហើយភាគីថៃបានដាក់លិខិតឆ្លើយតបវិញនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។ មុនកិច្ចប្រជុំនៅទីក្រុងគូឡាឡាំពួនេះ គណៈកម្មការ និងភាគីទាំងពីរបានជួបប្រជុំលើកទី១ នៅប្រទេសសិង្ហបុរី នៅថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០២៦ និងលើកទី២ នៅទីក្រុងឡាអេ ប្រទេសហូឡង់ នៅថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦ ដែលជាកន្លែងភាគីទាំងពីរបានសម្រេចនូវវិធានការកសាងទំនុកចិត្តជាច្រើន ដោយមានតុលាការមជ្ឈត្តការអចិន្ត្រៃយ៍ដើរតួនាទីជាលេខាធិការដ្ឋាន៕

Share.