បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងអប់រំយុវជន​និង​កីឡា ចុះ​ថ្ងៃ​ទី​​អង្គារ ទី១៣ ខែ​កក្កដា ឆ្នាំ​២០២១ បញ្ជាក់​ថា​ការ​វិនិច្ឆ័យ​លទ្ធផល​នៃ​ការ​ប្រកួត​កីឡា​ប្រដាល់​គុន​ខ្មែរ​ផ្ដាច់ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​គោជល់​មានភាព​មិន​ប្រក្រតី។

សេចក្តី​ប្រកាស​នេះ​ចេញ​ឡើង​ក្រោយ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ នៅ​ម៉ោង​៣រសៀល​តាម​ប្រព័ន្ធ Zoom ដឹកនាំ​ដោយ​ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំយុវជន​និង​កីឡា។ ​

សេចក្តី​ប្រកាស​បញ្ជាក់​ថា​ករណី​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​គោជល់ ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម រវាង​កីឡាករ ឃឹម បូរ៉ា និង​កីឡាករ ម៉ឺន មេឃា នា​យប់​ថ្ងៃ​សៅរ៍ ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​៨យប់ នៅ​​ស្ថានីយ​ទូរទស្សន៍ CNC មាន​ភាព​មិន​ប្រករតី​ដោយ​មិន​បាន​អនុវត្តន៍​តាម​បទ​បញ្ជា​នៃ​ការ​ប្រកួត ក្បួន​ច្បាប់ និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​កីឡា។

ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ណែនាំ​ឱ្យ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ​ដូចជា៖​
១. ត្រូវ​បែងចែក​តួនាទី​និង​ភារកិច្ច​ឱ្យ​បាន​ច្បាស់លាស់​រវាង​សហព័ន្ធ​និង​ស្ថា​នី​យ៍​ទូរទស្សន៍​ដៃគូ​ឧបត្ថម្ភ​ដើម្បី​អនុវត្ត​ការងារ​ឱ្យ​មាន​ការទទួលខុសត្រូវ​ច្បាស់លាស់​។
២. ពង្រឹង​វិន័យ​និង​ការអនុវត្ត​បទបញ្ជា​នៃ​ការប្រកួត​ឱ្យ​បាន​ត្រឹមត្រូវ​ម៉ឺងម៉ាត់​តាម​ក្បួនច្បាប់​មាន​តម្លាភាព​និង​យុត្តិធម៌​។
៣. អភិវឌ្ឍ​សមត្ថ​ម​ភាព​មន្ត្រី​អាជ្ញា​ក​ណ្តា​ល​ចៅក្រម​និង​ស្នងការ​ប្រកួត​ឱ្យ​មាន​សមត្ថភាព​ជំនាញ​មនសិការ​ក្រមសីលធម៌​វិជ្ជាជីវៈ​និង​គុណ​តម្លៃ​កីឡា​។
៤. ដាក់​ពិន័យ​ដល់​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុសឆ្គង​តាម​ទោសកំហុស​ដែល​បាន​ប្រព្រឹត្ត​និង​លើកទឹកចិត្ត​ដល់​មន្ត្រី​ដែល​អនុវត្ត​ការងារ​បាន​ល្អ​និង​មាន​ស្នាដៃ​ជា​គំរូ​។
៥. ករណី​បញ្ហា​នេះ​កើតឡើង​បន្ត​ទៀត​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​ផ្អាក​ការ​គាំទ្រ​ថវិកា​ទាំងស្រុង​និង​លុប​ប្រកាស​ស្តី​ពី​ការអនុញ្ញាត​ឱ្យ​គណៈកម្មាធិការប្រតិបត្តិ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បំពេញ​ភារកិច្ច​ចេញពី​បញ្ជី​សហព័ន្ធ​កីឡា​ជាតិ​។

អត្ថបទពាក់ព័ន្ធ៖សម្តេច​តេជោ៖«ឱ្យ​កីឡា​ប្រដាល់​ឈាន​ទៅ​មុខ​ម្តេច​បាន​ បើ​សហព័ន្ធ​ ទុក​ឱ្យ​អាជ្ញាកណ្ដាល​ធ្វើ​បែប​នេះ?»

សូម​បញ្ជាក់​ថា​ជុំ​វិញ​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​កីឡាករ ឃឹម បូរ៉ា និង​កីឡាករ ម៉ឺន មេឃា ត្រូវ​បាន​សម្តេច​តេជោ ហ៊ុន សែន បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​នៅ​ម៉ោង​៨:៣០នាទី​យប់​ថ្ងៃ​អាទិត្យ ទី១១ ខែ​កក្កដា ឆ្នាំ​២០២១ រំលង​ការ​ប្រកួត​១ថ្ងៃ​ ដោយ​រិះគន់​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ថា​បណ្តោយ​ឱ្យ​អាជ្ញាកណ្ដាល​​ធ្វើ​តាម​តែ​អំពើ​ចិត្ត។

ក្រោយ​សម្តេច​តេជោ ប្រតិកម្ម​​បាន​ប្រហែល​ជាង​កន្លះ​ម៉ោង ទូរទស្សន៍ CNC ដែល​ម្ចាស់​សង្វៀន​បាន​​ប្រកាស​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ រួម​ជាមួយ​ស្ថានីយ​ទូរទស្សន៍​ សម្រេច​មិន​លើក​ពេល​ប្រកួត​ផ្តាច់ព្រ័ត្រ​កម្មវិធី​ប្រដាល់ អ្នក​តស៊ូ​គុន​ខ្មែរ​គោ​ជល់ កំពូល​ជើង​ឯក ទេ ដោយ​ប្រគល់​ជ័យលាភី​ឲ្យ​ទៅ​ ឃីម បូរ៉ា។

អត្ថបទពាក់ព័ន្ធ៖NOCC ព្រមាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ក្រោយ​ត្រូវ​ត្មោង​សម្តេច​តេជោ រឿង​អយុត្តិធម៌​

រហូត​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) បាន​ចេញ​សេចក្តី​សម្រេច​ដាក់​ការ​ព្រមាន​ដល់​សហព័ន្ធ​កីឡា​ប្រដាល់គុនខ្មែរ ឱ្យ​ធ្វើការ​កែទម្រង់​ និង​ដាក់​ចេញ​នូវ​បទបញ្ញត្តិ​ដោយ​ដាក់​ពិន័យ​យ៉ាង​ម៉ឺងម៉ាត់​ដល់​អាជ្ញាកណ្ដាល​និង​ចៅក្រម​ឱ្យ​គោរព​ស្មារតី​កីឡា ក្រោយ​កើត​ហេតុការណ៍​ខាង​លើ​នេះ។

ចូល​ដល់​រសៀល​ថ្ងៃ​សុក្រ នេះ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​បញ្ជាក់​ថា​មន្ត្រីកីឡាប្រដាល់ ២រូប និង​កីឡាករ​១រូប​ជាប់​ពិន័យ ដោយ​ក្នុង​នោះ​មាន​ផ្អាកការងារ​លោកគ្រូ មាស សុខគ្រី ចំនួន​៦ សប្តាហ៍ ដាក់​ទណ្ឌកម្ម​អាជ្ញាកណ្ដាល​ រៀម កុសល រយៈពេល​៤​សប្តាហ៍ និង​សហព័ន្ធ​ព្រមាន ម៉ឺន មេឃា លើកទី ១។

លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ប្រជុំតាម Zoom

នៅ​ម៉ោង​៥:៣០នាទី​ល្ងាច​ថ្ងៃ​សុក្រ នេះ​ដែរ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ដោយ​ទទួល​យក​សំណូមពរ​ទាំង​៥​ របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ ក្រោយ​ប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួច។ សេចក្តី​ប្រកាស​នេះ​មាន៥ ចំណុច​ដូចជា៖​
១.អនុវត្ត​ឲ្យ​បាន​នូវ​ច្បាប់​ប្រកួត​ បទបញ្ជា​បច្ចេកទេស​ក្នុង​កាប្រកួត​
២.ត្រូវ​កាត់​សេចក្ដី​ដោយ​យុត្តិធម៌​បំផុត​
៣.បែងចែក​ភារកិច្ច​រវាង​ សហព័ន្ធ​ ទូរទស្សន៍​ និង​ អ្នក​ឧបត្ថម្ភ​គាំទ្រ​
៤.​បន្ត​ពង្រឹង​ គុណភាព​ មន្ត្រី​ បច្ចេកទេស​
៥.មាន​វិធាន​ការ​ណ៍​លើក​ទឹក​ចិត្ត​ ចំពោះ​មន្ត្រី​ដែល​ សកម្ម​និង​មាន​វិធាន​ការណ៍​ អប់រំ​ណែនាំ​ ព្រម​ទាំង​ពង្រឹង​ចំពោះ​មន្ត្រី​ទាំង​ឡាយ​ណា​ដែល​អសកម្ម៕

Telegram-Troryorng
Share.