ខ្សែ​បម្រើ​បាល់ទាត់​​នារី​​ជម្រើស​ជាតិ​ប្រេស៊ីល Miraildes Maciel Mota ដែល​គេ​ស្គាល់​ថា Formiga មាន​វ័យ​៤៣​ឆ្នាំ​ទៅ​ហើយ ខណៈ​រូប​នាង​បង្ហាញ​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​បាន​៧សម័យ​កាល​ជាប់ៗគ្នា​គិត​ចាប់តាំង​ពី​ឆ្នាំ​១៩៩៦ មក​ម៉្លេះ។

លើក​ទី១៖ វ័យ​១៨​ឆ្នាំ​ បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុង​កីឡា​អូឡាំពិក​ឆ្នាំ​១៩៩៥ នៅ​អាត់តាឡង់តា សហរដ្ឋអាមេរិក កាល​ណោះ​ប្រេស៊ីល ឈរ​ចំណាត់​ថ្នាក់​លេខ៤​ ក្រោយ​ចាញ់​ន័រវែស វគ្គ​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣ ដោយ​លទ្ធផល​២-០។

លើក​ទី២៖ វ័យ​២២​ឆ្នាំ បង្ហាញ​ខ្លួន​ក្នុង​កីឡា​អូឡាំពិក​​ឆ្នាំ​២០០០ នៅ​​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ដែល​ក្រុម​ប្រេស៊ីល ឈរ​ចំណាត់​ថ្នាក់​លេខ៤​ទៀត ក្រោយ​ចាញ់​អាល្លឺម៉ង់​វគ្គ​ចំណាត់​ថ្នាក់​លេខ៣ ដោយ​លទ្ធផល ២-០។

អត្ថបទពាក់ព័ន្ធ៖ទស្សនា​​បន្ទប់​ស្នាក់នៅ​របស់​អត្តពលិក​កម្ពុជា ក្រោយ​ទៅ​ដល់​​ទីក្រុង​តូក្យូ ត្រៀម​ប្រកួត​អូឡាំពិក

លើក​ទី៣៖ វ័យ​២៦​ឆ្នាំ បង្ហាញ​ខ្លួន​លើក​ទី៣ ក្នុង​កីឡា​អូឡាំពិក​ឆ្នាំ​២០០៤ នៅ​ទីក្រុង​អាតែន ប្រទេស​ក្រិក ដោយ​ជួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ឈ្នះ​​មេដាយ​ ប្រាក់​ក្រោយ​ចាញ់​ក្រុម​សហរដ្ឋ​អាមេរិក ដោយ​លទ្ធផល២-១ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ។

លើក​ទី៤៖ វ័យ​៣០​ឆ្នាំ បាន​បន្ត​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ក្នុង​កីឡា​អូឡាំពិក​ឆ្នាំ​២០០៨ នៅ​​ទីក្រុង​ប៉េកាំង ហើយ​បន្ត​​ឈ្នះ​ត្រឹម​មេដាយ​ប្រាក់​ម្តង​ទៀត ដោយ​ចាញ់​ក្រុម​សហរដ្ឋអាមេរិក​១-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

លើក​ទី៥៖វ័យ​​៣៤​ឆ្នាំ​បង្ហាញ​ខ្លួន​ក្នុង​កីឡា​អូឡាំពិក​​ឆ្នាំ​២០១២​ នៅ​ទីក្រុង​ឡុងដុង ប្រទេស​អង់គ្លេស ដោយ​កាល​នោះ​ក្រុម​ជម្រើស​ជាតិ​នារី​ប្រេស៊ីល ធ្លាក់​ចេញ​ត្រឹម​វគ្គ​៨ក្រុម​ចុងក្រោយ​ បន្ទាប់​ពី​ចាញ់​ក្រុម​ជប៉ុន ២-០។

លើក​ទី​៦៖​វ័យ​៣៨ឆ្នាំ បាន​បង្ហាញ​ខ្លួន​ក្នុង​កីឡា​អូឡាំពិក​ឆ្នាំ​២០១៦ នៅ​ទីក្រុង​រីយោ ប្រទេស​ប្រេស៊ីល​ផ្ទាល់​តែ​ម្តង​ តែ​ត្រូវ​ចាញ់​ក្រុម​ជម្រើស​ជាតិ​កាណាដា ក្នុង​វគ្គ​ដណ្តើម​ចំណាត់​ថ្នាក់​លេខ៣ ដោយ​លទ្ធផល​២-១។

អត្ថបទពាក់ព័ន្ធ៖ឃាត់​ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​នៅ​កីឡដ្ឋាន​បើក​កីឡា​​​អូឡាំពិក​២០២០​

លើក​ទី៧៖​វ័យ​៤៣​ឆ្នាំ​បង្ហាញ​ខ្លួន​ក្នុង​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ នៅ​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន ខណៈ​ប្រេស៊ីល ស្ថិត​នៅ​ពូល​ F ជាមួយ​ហុល្លង់, ចិន និង​ហ្សាំប៊ី។ ប្រកួត​បើក​ឆាក​​នៅថ្ងៃ​ទី​២១ ខែ​កក្កដា ឆ្នាំ​២០២១ ក្រុម​ប្រេស៊ីល បាន​យក​ឈ្នះ​ក្រុម​ចិន ៥-០ ខណៈ​ថ្ងៃ​ទី​២៤ កក្កដា បន្ត​ជួប​ហុល្លង់ និង​ចុងក្រោយ​ជួប​ក្រុម​ហ្សាំប៊ី នៅ​ថ្ងៃ​ទី​២៧ កក្កដា ឆ្នាំ​២០២១ ជា​ជំនួប​បិទ​ពូល។

បើ​ទោះ​ជា​​មិន​សូវ​ជោគជ័យ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ក៏​ពិត​មែន តែ​កីឡា​ការិនី Formiga ធ្លាប់​​ឈ្នះ​ពានរង្វាន់​ប្រចាំ​ទ្វីប​ដូចជា Sudamericano Femenino ចំនួន​៦លើក ពានរង្វាន់ Pan American Games ៣លើក​ផង​ដែរ។ ចំណែក​ក្លិប​ប្រកប​អាជីព​វិញ នាង​​ចាប់​អាជីព​តាំង​ពី​ឆ្នាំ​១៩៩៣ មក​ម៉្លេះ ដោយ​ធ្លាប់​ផ្លាស់ប្តូរ​ជាង​១០ក្លិប​ទាំង​នៅ​ទ្វីប​អាមេរិក​ខាងត្បូង អាមេរិកខាងជើង និង​នៅ​ទ្វីប​អឺរ៉ុប ផង​ដែរ៕

អត្ថបទពាក់ព័ន្ធ៖«តាក់ស៊ី​ហោះ» រៀបចំ​ផែនការ​ឱ្យ​ទាន់​ក្នុង​កីឡាអូឡាំពិក​នៅ​ប៉ារីស​ឆ្នាំ​២០២៤

Telegram-Troryorng
Share.