
ភាគីកូរ៉េខាងត្បូង ត្រៀមចាក់វ៉ាក់សាំង បង្ការកូវីដ-១៩ នៅដើមខែឧសភា នេះ ដល់អត្តពលិករបស់ខ្លួនមុនចេញដំណើរទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក Tokyo 2020 Olympic និងកីឡា Paralympic Games ដែលធ្វើឡើងនៅទីក្រុងតូក្យូរ ប្រទេសជប៉ុន ចន្លោះខែសីហា និងខែកញ្ញា ឆ្នាំ២០២១ នាពេលខាងមុខ។
អត្ថបទពាក់ព័ន្ធ៖ កូរ៉េខាងជើង មិនបញ្ជូនអត្តពលិកទៅប្រកួតកីឡាអូឡាំពិកនៅប្រទេសជប៉ុនទេ
បើតាមផែនការរបស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ របស់កូរ៉េខាងត្បូង បានរៀបចំផែនការចាក់វ៉ាក់សាំងដល់អត្តពលិករបស់ខ្លួនដោយប្រើវ៉ាក់សាំង Pfizer សម្រាប់អ្នកអាយុក្រោម៣០ឆ្នាំ ប៉ុន្តែវ៉ាក់សាំង AstraZeneca ជូនដល់អ្នកដែលមានអាយុចាប់ពី៣០ឆ្នាំឡើង។ អ្នកចាក់ដំបូងគេគឺម្ចាស់មេដាយសំរឹទ្ធអូឡាំពិកឆ្នាំ២០១២ កីឡាករតេក្វាន់ដូ Lee Dae-hoon និងក្រុមបាល់ទះនារី។
តាមគម្រោងនៅសប្ដាហ៍ទី១ នៃខែឧសភា នេះនឹងចាក់វ៉ាក់សាំងដល់អត្តពលិកប្រមាណ៥០០នាក់។ កូរ៉េខាងត្បូងត្រៀមបញ្ជូនថ្នាក់ដឹកនាំ គ្រូបង្វឹក និងអត្តពលិកប្រមាណ៨០០នាក់ទៅប្រកួតកីឡាអូឡាំពិកឆ្នាំនេះ ខណៈកីឡាParalympics នឹងបញ្ជូនទៅប្រមាណ ៣០០នាក់។
ប្រទេសលីទុយអានី, ហុងគ្រី, ស៊ីប, អ៊ីស្រាអែល, ហ្សំប៊ី បានចាក់វ៉ាក់សាំង ដល់អត្តពលិកខ្លួនសម្រាប់ចូលរួមកីឡាអូឡាំពិករួចហើយ ស្របពេលអូស្ត្រាលី, ម៉ិចស៊ីកូ, នូវែលហ្សេឡង់ បានបង្ហាញពីប្រភេទវ៉ាក់សាំង ដែលត្រៀមចាក់ដល់អត្តពលិក។ ចំណែកកាណាដា ចក្រភពអង់គ្លេស និងអ៊ីតាលី រំពឹងថានឹងបានចាក់វ៉ាក់សាំង មុនចេញដំណើរ ខណៈអាល្លឺម៉ង់ មានការតវ៉ាពីអត្តពលិកថាមិនចង់ចាក់វ៉ាក់សាំងឡើយ៕
អត្ថបទពាក់ព័ន្ធ៖ ក្រុមបាល់ទាត់បុរសប្រទេសណាខ្លះ កក់កៅអីទៅប្រកួតអូឡាំពិកនៅប្រទេសជប៉ុន?
អត្ថបទពាក់ព័ន្ធ៖ ប្រកួតអូឡាំពិក ឆ្នាំនេះនៅជប៉ុន មិនអនុញ្ញាតឱ្យទស្សនិកជនបរទេសចូលទស្សនានោះទេ
