អ្នកគាំទ្រភាគច្រើនអាចនឹងមិនបានដឹងទេថា តារាល្បីលំដាប់ជួរមុខរបស់ប្រទេសកូរ៉េខាងត្បូងដែលជាសំណព្វចិត្តរបស់ខ្លួនធ្លាប់ឆ្លងកាត់ការសម្ដែងរឿងបែប (១៨+) ឬភាពយន្តបែបសិចស៊ី និងស្រើបស្រាល។
សូមចុចអាន រាជិនីទាំង៥៖ តួឯកស្រីកូរ៉េអាយុកាន់តែច្រើនកាន់តែល្បី ក្ដោបតំណែងតួឯកណែនដៃមិនរបូត
អ្នកគាំទ្ររឿងភាគកូរ៉េបានស្គាល់តារាសម្ដែងប្រុសស្រីល្បីល្បាញរបស់កូរ៉េតាមរយៈការទស្សនាភាពយន្តភាគ K-Drama ដែលជាប្រភេទរឿងធ្វើឱ្យបេះដូងអ្នកគាំទ្ររំភើបញាប់ញ័រ ហើយជួនកាលបង្ហូរទឹកភ្នែកអស់រាប់សិបធុង។ ប៉ុន្តែសម្រាប់ភាពយន្តខ្នាតធំឯណោះវិញ តារាកូរ៉េបានមានឱកាសបង្ហាញពីសមត្ថភាពសម្ដែងរបស់ខ្លួនដែលភាគច្រើនមិនអាចនឹងបានសម្ដែងនោះទេនៅក្នុងភាពយន្តភាគកូរ៉េជាទូទៅ។
នៅខាងក្រោមនេះគឺជាឈ្មោះតារាកូរ៉េមួយចំនួនដែលជាហ៊ានលះបង់ខ្លួនសម្ដែងឈុតឆាកស្រើបស្រាល និងសិចស៊ីនៅក្នុងភាពយន្តខ្នាតធំ ដែលការសម្ដែងឈុតឆាកអស់ទាំងនោះអាចនិយាយបានថាខុសប្លែកពីចរិតតួអង្គដែលពួកគេបានសម្ដែងរហូតដល់១៨០ដឺក្រ។
១. ស្រីស្អាត Song Ji Hyo (A Frozen Flower 2008)
សមាជិកដ៏សកម្មនិងលេចធ្លោក្នុងកម្មវិធី Running Man របស់ទូរទស្សន៍ SBS គឺជាតារាស្រីដែលធ្លាប់បង្ហាញស្នាដៃសម្ដែងរឿងភាគល្បីៗជាច្រើនដូចជា «Princess Hours» «Jumong» «Emergency Couple» និង «Was it Love» ប៉ុន្តែកេរ្តិ៍ឈ្មោះរបស់តារាស្រីរូបនេះចាប់ផ្ដើមផ្ទុះបាននូវការគាំទ្រតាមរយៈការសម្ដែងជាមួយនឹងតារាប្រុសសង្ហា Jo In Sung ក្នុងរឿង «A Frozen Flower» នៅឆ្នាំ ២០០៨។
ភាពយន្តខាងលើនេះក៏កើតមានមតិមិនពេញចិត្តច្រើនដែរ ដោយសារតែឈុតឆាក សិចស៊ី និងអាក្រាត ប៉ុន្តែសមីខ្លួនបែរជានិយាយថា «ពេលដែលខ្លួនសម្រេចចិត្តថតរឿងនេះ ខ្លួនអត់មានបញ្ហាទេចំពោះឈុតឆាកស្រើបស្រាលទេ ទោះបូជារាងកាយច្រើនក៏មិនបញ្ហាដែរ ព្រោះតារាស្រីរូបនេះយល់ឃើញថាឈុតឆាកទាំងអស់នោះ គឺជាកូនសោរសំខាន់សម្រាប់ឱ្យអ្នកទស្សនាមើលឃើញពីភាពប្រែប្រួលរបស់តួអង្គ។ ដូច្នេះអ្វីដែលតារាស្រីរូបនេះផ្ដោតគឺទឹកមុខរបស់ខ្លួន មិនមែនសកម្មភាពសម្ដែងដែល direactor ចង់ឱ្យខ្លួនបង្ហាញនោះទេ»
២. បុរសសង្ហា Gong Yoo (A Man and a Woman 2016)
តួឯកប្រុសដ៏ល្បីល្បាញពីភាពយន្តភាគ «Coffee Prince» និង «Goblin» មិនត្រឹមតែពូកែធ្វើឱ្យអ្នកទស្សនារលាយបេះដូងនោះទេ តែក៏ពូកែធ្វើឱ្យបេះដូងអ្នកទស្សនាលោតញាប់ដូចគ្នាដែរ។ ពិសេសបំផុតគឺឈុតឆាកក្ដៅគគុកជាមួយនឹងដៃគូតារាសម្ដែងស្រី Jeon Do Yeon ដោយរឿងនេះអ្នកទាំងពីរដើរតួជាបុរសម្នាក់និងស្ត្រីម្នាក់ បានរៀបការមានគ្រួសាររៀងៗខ្លួនហើយបានមកជួបគ្នានៅ Finland ហើយបង្កើតបានជាចំណងស្នេហាត្រូវហាមឃាត់មួយ។ សម្រាប់រឿងនេះជាភាពយន្តបែបមនុស្សធំដំបូងរបស់ Gong Yoo លោកបានចែករំលែកថា ៖ «ឈុតលើគ្រែពិបាកថតជាងឈុតវ៉ៃតប់គ្នា។ ឈុតបែបនេះពិបាកថតព្រោះត្រូវប្រើប្រាស់កម្លាំងច្រើន ហើយត្រូវមើលទៅដូចធម្មជាតិទៀត ពេលយើងឆ្លងឆ្លើយគ្នាដែលត្រូវការប្រើប្រាស់តិចនិកដូចសមឈុតវ៉ៃតប់គ្នាដូច្នោះដែរ។»
៣. Kim Go Eun (A Muse 2012)
តួឯកស្រីដ៏ល្បីដៃគូដ៏ស័ក្ដិសមរបស់ Lee Min Ho ពីភាពយន្តភាគ «The King: Eternal Monarch» ប៉ុន្តែរឿងដំបូងដែលធ្វើឱ្យតារាស្រីរូបនេះល្បីល្បាញប្រៀបដូចផ្ទុះកំជ្រួចនោះគឺរឿង «Guardian: The Lonely and Great God: Goblin» សម្ដែងជាដៃគូ Gong Yoo ប្រឡូកចូលក្នុងវិស័យសម្ដែងដំបូងតាមរយៈភាពយន្តមនុស្សធំ (១៨+) មានចំណងជើងថា «A Muse» ជាភាពយន្តដែលនិយាយពីអ្នកនិពន្ធវ័យចំណាស់បានធ្លាក់អន្លង់ស្នេហ៍ក្មេងស្រីជាសិស្សវិទ្យាល័យ ហើយបានចាប់ផ្ដើមនិពន្ធសៀវភៅពីនារីរូបនេះ។ ការដែលតារាសម្ដែងមុខថ្មី Kim Go Eun ទទួលបានឱកាសសម្ដែងជាតួឯកក្នុងរឿងនេះ វ៉ាដាច់តារាស្រីល្បីឈ្មោះក្នុងរង្វង់ភាពយន្តខ្នាតធំព្រោះតែរឿងនេះនិយាយពីស្នេហា តណ្ហា និងការរកឃើញយុវវ័យភាពរបស់ខ្លួនឡើងវិញរបស់បុរសវ័យចំណាស់ម្នាក់ដោយសារតែស្រលាញ់ក្មេងស្រី ដែលសមនឹងវ័យរបស់តារារូបនេះ។ ការហ៊ានលះបង់ខ្លួនសម្ដែងឈុតឆាកលើគ្រែបានធ្វើឱ្យតារារូបនេះទទួលបានពានរង្វាន់ជាច្រើនពីតួអង្គដែលខ្លួនបានសម្ដែង បន្ថែមលើនោះរឿងនេះក៏បានបញ្ចាំងនៅក្នុងកម្មវិធីមហោស្រពភាពយន្ត New York Film Festival ផងដែរ។
៤. Song Seung Hoon (Obsessed 2014)
បុរសសង្ហា Oppa ដែលបានឆក់យកបេះដូងនារីរាប់សិបនាក់តាមរយៈតួអង្គដែលលោកសម្ដែងក្នុងរឿង «Autumn in my heart» ក៏ធ្លាប់បានសម្ដែងភាពយន្តបែប (១៨+) កាលពីឆ្នាំ២០១៤ផងដែរ។ រឿងនេះនិយាយពីមេទាហានម្នាក់បានលួចមានទំនាក់ទំនងស៊ីជម្រៅជាមួយនឹងប្រពន្ធកូនចៅរបស់ខ្លួន។ រឿងនេះតារាសម្ដែង Song Seung Hoon ហ៊ានសម្ដែងឈុតក្ដៅសាច់ និងអាក្រាតកាយជាមួយនឹងដៃគូតារាសម្ដែង Im Ji Yeon។ លោកទទួលស្គាល់ក្នុងបទសម្ភាសន៍មួយថា លោកទទួលសម្ដែងរឿងនេះមិនមែនគ្រាន់តែចង់សម្ដែងអ្វីថ្មីៗក្នុងនាមជាតារាសម្ដែងនោះទេ ប៉ុន្តែលោកទុកចិត្តអ្នកដឹកនាំ ចំណែកក្រុមការងារក៏ល្អដែរ។ ក្រៅពីចរិតតួអង្គដែលធ្វើឱ្យលោកចង់សម្ដែងហើយនោះ ឈុតឆាកលើគ្រែក៏សំខាន់ដែរ ព្រោះវាបង្ហាញពីរឿងរ៉ាវរបស់មនុស្សពីរនាក់។
៥. Kim Soo Hyun (Real 2017)
ខុសគ្នាដាច់ស្រឡះពីតួអង្គបុរសភពផ្កាយ Do Min Joon ពីភាពយន្តភាគ «សង្សារខ្ញុំជាបុរសភពផ្កាយ» និងតួអង្គដែលមានអត្តចរិតកំប្លែង គ្មានពិសពុលជាបុគ្គលិកទូរទស្សន៍នៅក្នុងរឿងភាគ «Producers» ចូលមកដល់ភាពយន្តខ្នាតធំ «Real» Kim Soo Hyun សម្ដែងជាតួអង្គមួយដែលមានចរិតខុសប្លែកពីតួអង្គដែលគេបានសម្ដែងយ៉ាងខ្លាំង។ នៅក្នុងរឿង «Real» លោកបានសម្ដែងជាតួអង្គជនល្មើសនិងជនអន្ធពាលដែលមានឈ្មោះថា Jang Tae Young ហើយរឿងនេះបានក្លាយជារឿងផ្ទុះការរិះគន់និងវិភាគដោយសារតែឈុតឆាកអាក្រាតនិងឈុតឆាកក្ដៅគគុករវាងតារារូបនេះនិងដៃគូសម្ដែង Sulli ថែមទាំងត្រូវបានអ្នក Reviews ដាក់ពិន្ទុឱ្យទាប រហូតធ្វើឱ្យសមីខ្លួនបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងកម្មវិធីសន្និសីទកាសែតថា៖ «តួអង្គដែលលោកសម្ដែងគឺជាអត្តចរិតមួយលោករង់ចង់សម្ដែងជាយូរមកហើយ លោកបាននិយាយថាលោកភ័យផងនិងរន្ធត់ផង លោកដឹងថារឿងនេះអាចនឹងមិនត្រូវចិត្តអ្នកគ្រប់គ្នា លោកសង្ឃឹមថាអ្នកទស្សនានឹងគាំទ្រហើយស្រលាញ់ភាពយន្តដែលលោកសម្ដែងមួយនេះ»។ សំណាងដែរដែល Kim Soo Hyun អាចឆ្លងផុតកាត់ដំណាក់កាលដ៏អាក្រក់បំផុតនៅអាជីពសម្ដែងរបស់លោក ហើយអាចត្រលប់មកបង្ហាញវត្តមានសម្ដែងរឿងភាគប្រកបដោយជោគជ័យវិញតាមរយៈរឿង «It’s Ok not to be Okay»។