
ក្លិបបាល់ទាត់ UiTM F.C ដែលកំពុងតែឈរបាតតារាងលីគកំពូលប្រទេសម៉ាឡេស៊ី 2021 Malaysia Super League បានប្រកាសចុះកិច្ចសន្យានាំយកកីឡាករជម្រើសជាតិទីម័រខាងកើត ១រូប ទៅកីឡដ្ឋាន Stadium Mini UITM នៅថ្ងៃច័ន្ទ នេះ ដើម្បីបំពេញកៅអីកូតាកីឡាករអាស៊ាន ក្នុងក្រុម ក្រោយជម្រុះកីឡាករបរទេសចាស់ៗពីបញ្ជីដល់ទៅ៤នាក់។
សមាជិកថ្មីរូបនេះមានឈ្មោះថា João Pedro ធ្លាប់ជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិតាំងពីឆ្នាំ២០១៨ មកម៉្លេះ។ កីឡាករវ័យ២០ឆ្នាំរូបនេះ ជំនាញលេងនៅតំបន់ស្លាប ហើយរូបគេនឹងចូលជំនួសកៅអីកីឡាករ កូនកាត់ហ្វីលីពីន-អង់គ្លេស Adam Reed ដែលត្រឡប់ទៅចូលរួមក្លិប United City នៅហ្វីលីពីនវិញ។
អត្ថបទពាក់ព័ន្ធ៖ពាន “Stadium Of The Year 2020” បានទៅកីឡដ្ឋានមួយស្ថិតតំបន់អាស៊ានយើង
កីឡាករ João Pedro បានចាប់អាជីពដំបូងនៅក្លិបSLB Laulara ក្នុងស្រុកកំណើតចន្លោះឆ្នាំ២០១៧ ដល់២០១៩ ហើយចាប់ពី២០១៩ ដល់២០២១ នេះរូបគេបានចូលរួមជាមួយក្រុម North Bangkok University សមាជិកលីគលំដាប់ទី៣ ប្រទេសថៃ។ គេធ្លាប់ទាត់បាល់បញ្ជូលទីក្រុមជម្រើសជាតិម៉ាឡេស៊ី កាលពីឆ្នាំ២០១៩ ផងដែរក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកពិភពលោក ជុំដំបូងគ្រាដែលទីម័រខាងកើត ចាញ់ ដោយលទ្ធផល៤ទល់១ នៅទីក្រុងកូឡាឡាំពួរ។
ដើម្បីត្រៀមប្រកួតក្នុងជើងទី២ ក្នុងពានរង្វាន់ 2021 Malaysia Super League នេះ ក្លិប UiTM F.C បានចុះបញ្ជីកីឡាករបរទេសថែម២នាក់ ក្នុងចំណោម៥នាក់រួច មាន João Pedro និងកីឡាករបារាំង Ousmane Fané ដែលធ្លាប់ជាសមាជិកក្រុមខ្លួនកាលពីឆ្នាំ២០២០ កន្លងទៅ។ ចំណែកកីឡាករបរទេសដែលនៅសល់ក្នុងបញ្ជីនោះគឺការពារកណ្ដាល ជនជាតិបារាំង Victor Nirennold។ ក្រុម UiTM បានបញ្ចប់កិច្ចសន្យាជាមួយកីឡាករបរទេស៤រូប រួមមានAdam Reed, កីឡាករក្រូអាត Dominik Picak, កីឡាករហ្គាណា Nana Poku និងកីឡាករលីបង់ Abou Bakr Al-Mel។
អត្ថបទពាក់ព័ន្ធ៖កីឡាករលេងនៅលីគកំពូលអង់គ្លេស ម្នាក់បដិសេធន៍ ក្នុងក្រុមជម្រើសជាតិទីម័រខាងកើត ដែលជាស្រុកកំណើតឪពុកម្ដាយខ្លួន
ឆ្លងកាត់១១ប្រកួតក្នុងពានរង្វាន់លីគម៉ាឡេស៊ី មកក្រុម UiTM ដែលដឹកនាំដោយលោក Frank Bernhardt គ្រូបង្វឹកជនជាតិអាល្លឺម៉ង់ មួយនេះ នៅបាតតារាងក្នុងចំណោមក្លិបជាសមាជិកទាំង១២ ព្រោះមិនទាន់ស្គាល់ជ័យជម្នះនៅឡើយទេ ហើយធ្លាប់ស្មើបាន១លើក និងបរាជ័យរហូតដល់១០លើក មាន១ពិន្ទុប៉ុណ្ណោះក្នុងដៃ។
ប្រកួតបន្ទាប់ក្រុម UiTM នឹងធ្វើដំណើរទៅប្រកួតនៅកីឡដ្ឋាន Sultan Mizan Zainal Abidin Stadium ជាមួយក្រុមម្ចាស់ផ្ទះTerengganu នៅវេលាម៉ោង៩យប់ (ម៉ោងនៅកម្ពុជា) ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះប្រចាំសប្ដាហ៍ទី១២ នៃពាន 2021 Malaysia Super League៕
ព័ត៌មានកីឡានានាពីតំបន់អាស៊ាន សូមចុចអាននៅទីនេះ…
