
ព្រះរាជាណាចក្រកម្ពុជា ទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាបាល់ទាត់យុវជនក្រោមអាយុ២៣ឆ្នាំប្រចាំតំបន់អាស៊ាន AFF U23 Championship ជាលើកទី២ នៅឆ្នាំ២០២២ ខាងមុខដែលត្រូវធ្វើឡើងនៅនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានព្រីសន៍ ក្នុងរាជធានីភ្នំពេញ ខណៈលើកដំបូងកម្ពុជា ធ្លាប់ទទួលរៀនចំម្តងហើយនៅឆ្នាំ២០១៩ ក្នុងទីលានពហុកីឡដ្ឋានជាតិអូឡាំពិក។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) បានជូនដំណឹងថាការប្រកួតពានរង្វាន់ AFF U23 Championship នេះនឹងរៀបចំឡើងនៅខែកុម្ភៈ ឆ្នាំ២០២២ ចន្លោះថ្ងៃទី១៤ ដល់២៦ ហើយក្រុមដែលត្រូវចូលរួមនៅមិនទាន់បញ្ជាក់បាន នៅឡើយ ប៉ុន្តែក្រុមជាសមាជិកតំបន់អាស៊ាននាពេលបច្ចុប្បន្នគឺរហូតដល់ទៅ១២ប្រទេសក្នុងនោះបូកទាំងទីម័រខាងកើត និងអូស្ត្រាលី។
អត្ថបទពាក់ព័ន្ធ៖ក្លិបវិសាខា បង្ហាញប្លង់រួមរបស់កីឡដ្ឋានព្រីនស៍ គ្រោងបញ្ចប់ការសាងសង់ នៅចន្លោះឆ្នាំ២០២៣-២០២៤
ទាំងនៅពហុកីឡដ្ឋានជាតិមរតកតេជោ និងពហុកីឡដ្ឋានព្រីសន៍ សុទ្ធសឹងតែត្រៀមខ្លួនជាស្រេចក្នុងការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ស្របនឹងការទន្ទឹមរង់ចាំរបស់អ្នកគាំទ្រគ្រប់មជ្ឈដ្ឋាន ចង់ចូលទស្សនាការប្រកួតកម្រិតតំបន់មួយនេះ។ ការប្រើប្រាស់ពហុកីឡដ្ឋានទាំង២នេះអាចជាការស្ទាបស្ទង់កម្រិតនៃការរៀបចំខ្លួនរបស់កម្ពុជា មុនពេលទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឆ្នាំបន្ទាប់គឺឆ្នាំ២០២៣។

ក្រោយទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតបាល់ទាត់កម្រិតតំបន់លើកនេះទៀត ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានលើកឡើងថា៖«យើងខ្ញុំរីករាយក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ AFF U23 Championship នៅកម្ពុជា ក្នុងឆ្នាំ២០២២ និងសូមអរគុណចំពោះអាស៊ាន ដែលជឿជាក់លើយើងខ្ញុំក្នុងការរៀបចំព្រឹត្តិការណ៍នេះ»។
ឯកឧត្តម ខៀវ សាម៉េត ប្រធានសហព័ន្ធកីឡាបាល់ទាត់អាស៊ាន បានលើកឡើងថា៖«ជួសមុខឱ្យសហព័ន្ធកីឡាបាល់ទាត់អាស៊ាន និងប្រទេសជាសមាជិក ខ្ញុំគិតថារាជរដ្ឋាភិបាលកម្ពុជា និងសហព័ន្ធកីឡាបាល់ទាត់ ទទួលរៀបចំព្រឹត្តិការណ៍បានយ៉ាងអស្ចារ្យ»។
ឯកឧត្តម ខៀវ សាម៉េត បានលើកឡើងពីការរួមចំណែកយ៉ាងធំធេងរបស់ក្រុមហ៊ុន SPORTFIVE ដែលដៃគូពាណិជ្ជកម្មក្នុងការជំរុញឲ្យព្រឹត្តិការណ៍របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន ជាពិសេសក្នុងការប្រកួតព្រឹត្តិការណ៍ AFF Suzuki Cup ទទួលបានជោគជ័យជាបន្តបន្ទាប់ រួមទាំងព្រឹត្តិការណ៍ AFF U23 នាពេលខាងមុខផងដែរ។
អត្ថបទពាក់ព័ន្ធ៖ស្វែងយល់ពីពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោយចុះហត្ថលេខាប្រគល់-ទទួល
ពានរង្វាន់បាល់ទាត់យុវជនប្រចាំតំបន់អាស៊ាន AFF U23 Championship នេះរៀបចំដំបូងនៅឆ្នាំ២០០៥ (តែប្រើឈ្មោះ U22 សិន) ដែលថៃ ជាម្ចាស់ផ្ទះ ហើយនៅឆ្នាំនោះដែរថៃ ក៏ជាម្ចាស់ជើងឯកក្រោយយកឈ្នះលើសិង្ហបុរី នៅវគ្គផ្ដាច់ព្រ័ត្រ ៣-០។ ចូលដល់ឆ្នាំ២០១១ ផែនការប្រកួតនៅឥណ្ឌូណេស៊ី ជាលើកទី២ ប៉ុន្តែត្រូវរំសាយវិញ។

រហូតដល់ឆ្នាំ២០១៩ កម្ពុជា ធ្វើជាម្ចាស់ផ្ទះម្តង ដោយមាន៨ប្រទេសចូលរួមក្នុងនោះពូល A មានវៀតណាម ថៃ ទីម័រខាងកើត និងហ្វីលីពីន ហើយពូល B មានកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។ ម្ចាស់ផ្ទះកម្ពុជា ឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តែចាញ់ថៃ ដោយបាល់ប៉េណាំងទីកាត់សេចក្ដី ៥ទល់៣ ក្រោយប្រកួតស្មើគ្នា០ទល់០ នៅម៉ោងប្រកួតពេញម៉ោង។ នៅវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣កម្ពុជា បានចាញ់វៀតណាម ១ទល់០ ពោលគឺនៅចុងម៉ោងនាទី៨៦ទៅហើយដោយថ្វីជើងកីឡាករ Lê Xuân Tú។ នៅឆ្នាំជាមួយគ្នានេះដែរឥណ្ឌូណេស៊ី ក្លាយជាម្ចាស់ជើងឯកក្រោយយកឈ្នះថៃ ២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕
