
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១៨ខែឧសភា ឆ្នាំ២០២១ នេះបានប្រកាសពីសមាសភាពគ្រូជំនួយ២រូប ដើម្បីជួយការងារលោកគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ថ្មីជនជាតិជប៉ុន លោក Ryu Hirose ត្រៀមចេញទៅប្រកួតក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី នៅក្នុងខែមិថុនា ខាងមុខ នៅប្រទេសបារ៉ែន។
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសនៅលើហ្វេសប៊ុកថា៖«លោក ភា សុភ័ក្ត្រា និងលោក អ៊ុក សុធី ត្រូវបានតែងតាំងជាគ្រូជំនួយនៃក្រុមជម្រើសជាតិកម្ពុជា»។
អត្ថបទពាក់ព័ន្ធ៖គ្រូថ្មីកម្ពុជា រើសកីឡាករទៅជម្រុះ World Cup ផ្អែកលើហេតុផល២យ៉ាងនេះ
នេះជាការចូលទទួលតំណែងឡើងវិញរបស់លោក ភា សុភ័ត្រា ខណៈលោកធ្លាប់ធ្វើកិច្ចការនេះជាមួយលោក Félix Dalmás ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ចាស់។
ចំណែកលោក អ៊ុក សុធី នេះជាលើកដំបូងរបស់លោក ដែលប្រឡូកការងារក្នុងក្រុមគ្រូបង្វឹកជម្រើសជាតិកម្ពុជា ក្រោយសម្រេចចិត្តព្យូរស្បែកជើងពីអាជីពជាកីឡាករបាល់ទាត់ក្នុងវ័យ៣២ឆ្នាំ កាលពីឆ្នាំ២០១៩ បន្ទាប់ពីរួមរស់ជាមួយក្លិបភ្នំពេញក្រោន អស់៩រដូវកាល។ កាលនៅភ្នំពេញក្រោន គ្រប់គ្នាហៅ សុធី ថាជា Messi។
អត្ថបទពាក់ព័ន្ធ៖បើគ្មានការប្រែប្រួលបញ្ជីឈ្មោះត្រៀមជម្រុះ World Cup បង្ហាញផ្លូវការនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ
សូមបញ្ជាក់ថាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នៅមិនទាន់ប្រកាសបញ្ជីឈ្មោះកីឡាករជាផ្លូវការនៅឡើយទេ ខណៈក្រុមរបស់អាស៊ានមួយនេះត្រូវប្រកួតវគ្គជម្រុះពូល C ជុំទី២ប្រចាំទ្វីបនេះធ្វើឡើងនៅប្រទេសបារ៉ែន ពីថ្ងៃទី៣ ដល់១៥ ខែមិថុនា ឆ្នាំ២០២១ ដោយកម្ពុជា ត្រូវជួបម្ចាស់ផ្ទះនៅថ្ងៃទី៣ មិថុនា ហើយបន្តជួបអ៊ីរ៉ាក់ នៅថ្ងៃទី៧ មិថុនា និងចុងក្រោយជួបក្រុមអ៊ីរ៉ាក់ នៅថ្ងៃទី១១ មិថុនា៕
