ការទន្ទឹងចាំបានវិលត្រឡប់មកវិញហើយ នោះគឺព្រឹត្តិការណ៍ «សង្ក្រាន្ត​សៀមរាប ២០២២» ជាការចូលរួមអបអរនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នា១០ថ្ងៃខាងមុខទៀតនេះ។ មហាជនគ្រប់រូបហាក់ដូចជាសប្បាយ និងរំភើបចិត្តណាស់ ខណៈដែលឃើញពីទិដ្ឋភាពនៃការរៀបចំកម្មវិធីសង្ក្រាន្ដសៀមរាប ដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក។ តើអ្នកទាំងអស់គ្នាបានដឹងហើយឬនៅថា កម្មវិធីសប្បាយមានអ្វីខ្លះ? ហើយគេធ្វើនៅទីតាំងណាខ្លះ?

ជាការពិតណាស់ បើតាមរដ្ឋបាលខេត្តសៀមរាបបានឱ្យដឹងថា ឆ្នាំនេះខេត្តសៀមរាប នឹងរៀបចំពិធីសង្ក្រាន្តសៀមរាប២០២២ដែលនឹងត្រូវរៀបចំទៅលើទីតាំងសំខាន់ៗចំនួន ២ គឺ ៖

ទីតាំងសំខាន់ទី ១ រៀបចំននៅក្នុងក្រុងសៀមរាប ដោយ​មាន​កម្ម​វិធី​ជិះ​ទូក​កម្សាន្ត ពិព័រណ៍​ម្ហូប​អាហារ ផ្សារ​បណ្ដែត​ទឹក តន្ត្រី​ស្គរដៃ ការ​សម្ដែង​សិល្ប: នៅ​លើ​ផែ​ទឹក និង​ការ​ប្រគំ​តន្ត្រី​ខ្នាត​យក្ស ចំនួន ២ កន្លែងតែម្ដង។

ទីតាំងសំខាន់ទី ២ រៀបចំនៅប្រាសាទចៅសាយចៅទេវតា ត្រូវ​បាន​រៀបចំ​ជា​ពិធី «ភូមិ​សង្ក្រាន្ត» និង​ប្រាសាទ​ធម្មានុន្ន ដោយ​អ្នក​ចូលរួម គឺ​តម្រូវ​ឱ្យ​ស្លៀក​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​យើង រួម​មាន​ហូល ផាមួង អាវ​ប៉ាក់ ខោចែវ​ជាដើម ដើម្បី​ជា​ចំណែក​មួយ​នៃ​ការ​លើក​តម្លៃ​វប្បធម៌​ប្រពៃណី​ជាតិ។ សម្រាប់​កម្មវិធី​កម្សាន្ត​ក្នុង​តំបន់​នេះ រួម​មាន​ពិធី​បួងសួង​សុំ​សេចក្ដី​សុខ ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ពិធី​ពូន​ភ្នំ​ខ្សាច់ និង​តំបន់ «ភូមិ​ខ្ញុំ» ដែល​មាន​លេង​ល្បែង​ប្រជាប្រិយ និង​ការ​សម្ដែង​ល្ខោនបាសាក់ ជាដើម។

ព្រឹត្តិការណ៍ «សង្ក្រាន្ត​សៀមរាប ២០២២»ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ។ ដូច្នោះ ប្រិយមិត្តទាំងអស់គ្នា កុំភ្លេចត្រៀមឈុតបុរាណប្រពៃណីរបស់ខ្មែរ សម្រាប់ស្លៀកដើរកម្សាន្ដផងណា ដើម្បីរួមចំណែកលើកស្ទួយវប្បធម៌ជាតិយើង៕

សូមចូលអាន-មកដឹងទាំងអស់គ្នា! ពីរណ្ដាប់ទទួលទេវតា ឆ្នាំខាល ព្រះនាម «កិរិណីទេវី » បុត្រីទីប្រាំកបិលមហាព្រហ្ម ក្នុងឆ្នាំ២០២២នេះ

សូមចូលអាន-មកដឹងទាំងអស់គ្នា! ពីទំនាយតាមថ្ងៃសង្ក្រាន្តទាំង៣ថ្ងៃ

សូមចូលអាន-មហាសង្ក្រានឆ្នាំខាល ចត្វាស័ក ឆ្នាំ២០២២

Telegram-Troryorng
Share.