ទង្វើ​ដ៏​ប្រពៃ​របស់​អ្នក​នាង​ គង់ ចាន់​ស្រីមុំ​ ក្រុម​ការងារ ​មូលនិធិវត្តព្រៃម្លូ រស់ដោយធម៌ Wat Prey mlou lives by Dharma និង MOMO charity កំពុង​ត្រូវ​បាន​មហាជន​កោត​សរសើរ​ក៏​ដូច​ជា​អនុមោទនា​បុណ្យ​កុសល​​ដោយ​សារ​អ្នក​នាង​បាន​ជួយ​ស្ត្រី​វ័យ​ចំណាស់​មាន​ជីវភាព​ខ្វះខាត​និង​គ្មាន​ផ្ទះស​ម្បែង​រស់​នៅ​។

កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា​ ម្សិលមិញ​នេះ​អ្នក​នាង​ គង់ ចាន់​ស្រីមុំ​ ដែល​ជា​តារា​សម្ដែង​និង​ជា​ពិធីការិនី​ដ៏​លេច​ធ្លោ​មួយ​រូប​នោះ​បាន​ដឹក​ដៃ​ស្វាមី​លោក​ គឹម សីហា ទៅ​កាន់​ខេត្ត​តាកែវ​ដើម្បី​ធ្វើ​ការ​ប្រគល់​ផ្ទះ​តូច​មួយ​ខ្នង​ជូន​ដល់​អ្នក​មីង​ មឹន ណាន់​ មាន​វ័យ​៥៨​ឆ្នាំ​ ជា​ស្ត្រី​ចំណាស់​មាន​ជំងឺ​ប្រចាំ​កាយ​ពុក​ឆ្អឹង​ មិនមាន​មុខ​របរ​ដោយ​សារ​តែ​ជំងឺ​ធ្វើ​ទុក្ខ​ មាន​ផ្ទះ​សំបែង​រស់​នៅ​ជា​របស់​ខ្លួន​ឯង​។

អាស្រ័យ​ដោយ​ម្ចាស់​ផ្ទះ​ដែល​អ្នក​មីង​រស់​នៅ​ជាមួយ​មាន​ទឹក​ចិត្ត​ល្អ​បាន​ប្រគល់​ដី​ក្រោយ​ផ្ទះ​ ទើប​សម្រេច​សាងសង់​លំនៅ​ដ្ឋាន​ជូន​អ្នក​មីង​បាន​រស់​នៅ​សមរម្យ​។​ ក្រៅ​ពី​ប្រគល់​ផ្ទះ​ជូន​ដល់​អ្នក​មីង​ ហើយ​នោះ​ក៏​នៅ​មាន​អំណោយ​បន្តិច​បន្តួច​ដូចជា​អង្ករ ត្រីខ មី និង​ថវិកា​មួយ​ចំនួន​ទៀត​ផង​ដែរ​។

អ្នក​នាង​ គង់ ចាន់​ស្រីមុំ​បាន​ថ្លែង​អំណរ​គុណចំពោះសទ្ធា​ជ្រះ​ថ្លា​របស់​ពុក​ម៉ែ បងប្អូន​ អ៊ុំពូមីង​ ដែល​បាន​ចូលរួម​ជួយ​ឱ្យ​កិច្ចការងារ​នេះ​សម្រេច​ទៅ​បាន​ដោយ​ជោគជ័យ​ ក្នុង​នោះ​ដែរ​អ្នក​ម្ដាយ​ដ៏​ស្រស់​សោភា​រូប​នេះ​បាន​ប្ដេជ្ញា​ថា​នឹង​បន្ត​បង្កើត​មូលនិធិ​ម៉ូម៉ូ​ ក្រោម​ការ​ដឹកនាំ​ដោយ​ព្រះ​អង្គ​ ថុងរី (រស់​ដោយ​ធម៌)​ ដើម្បី​បន្ត​ចូលរួម​ជួយ​ដល់​អ្នក​ដែល​មាន​ជីវភាព​ខ្វះ​។

ជា​ចុង​ក្រោយ​អ្នក​នាង​ ក៏​បា​ន​អំពាវនាវ​សូមឱ្យ​បងប្អូន​ទាំង​អស់​បន្ត​ចូលរួម​ជាមួយ​នឹង​ក្រុម​គ្រួសារ​អ្នក​នាង​ដើម្បី​អាច​បន្ត​ការងារ​មនុស្ស​ធម៌​នេះ​បាន​តទៅ​មុខ​ទៀត​៕

ប្រភព៖ Facebook Kong chansreymom

អត្ថបទទាក់ទង៖

Telegram-Troryorng

Share.