
សហព័ន្ធកីឡាបាល់ទាត់នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានស្នើសុំទៅកាន់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA ឱ្យលើកពិភាក្សានៅក្នុងមហាសន្និបាតលើកទី៧១ (71st Congress) ក្នុងការរៀបចំប្រកួតបាល់ទាត់ជើងឯកពិភពលោក FIFA World Cup និង FIFA Women’s World Cup នៅរាល់២ឆ្នាំម្តង។
ជាមួយគ្នានេះដែរសហព័ន្ធអារ៉ាប៊ីសាអ៊ូឌីត ក៏បានស្នើឱ្យពិនិត្យលទ្ធភាពនិងផលប៉ះពាល់នៃការធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតប្រជែងទៀងទាត់ជាប្រចាំនេះ។ ព្រឹត្តិការណ៍ពិភពលោកទាំង២ខាងលើនេះរៀបចំរាល់៤ឆ្នាំម្តង ប៉ុន្តែការស្នើសុំផ្លាស់ប្តូរនេះគឺអាចបង្កើនចំណូលទ្វេដងដល់ FIFA សហព័ន្ធជាសមាជិកតាមប្រទេសនានា និងភាគីពាក់ព័ន្ធដោយសារតែគ្រប់គ្នារងគ្រោះដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាសាកល។
មានអំណះអំណាងមួយទៀតគឺការប្តូរកម្មវិធីប្រកួតពី៤ឆ្នាំម្តង មក២ឆ្នាំនេះអាចទាញការចាប់អារម្មណ៍ខ្លាំងពីមហាជន ព្រោះមានសកម្មភាពប្រកួតញឹកញាប់ គឺវាស្របទៅនឹងប្រតិទិននៃការប្រកួតជាប្រចាំតាមទ្វីបនីមួយៗផងដែរ។
អត្ថបទពាក់ព័ន្ធ៖ប្រទេស២២ នៅទ្វីបអាហ្វ្រិក មិនអាចធ្វើជាម្ចាស់ផ្ទះជម្រុះ World Cup បាននោះទេ
នេះមិនមែនជាការលើកឡើងដំបូងទេ គឺកន្លងមកធ្លាប់មានការស្នើសុំតាំងពីឆ្នាំ១៩៩៩ និង២០០១ របស់ប្រធាន FIFA ចាស់លោក Sepp Blatter ផងដែរ ខណៈនៅឆ្នាំ២០១៨ ប្រធានសហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង លោក Alejandro Domínguez ក៏បានលើកជាមតិដូចគ្នាផងដែរ។ កាលពីឆ្នាំ២០១៩ លោក Gianni Infantino ប្រធាន FIFA បច្ចុប្បន្នធ្លាប់បានលើកឡើងពីផែនការប្រកួត World Cup រាល់២ឆ្នាំម្តងដែរ។
ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កំពុងតែបង្ហាញសញ្ញាណពីការចង់ធ្វើម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ World Cup នេះនៅក្នុងរាជាណាចក្ររបស់ខ្លួន ព្រមទាំងមានរៀបចំជាប្រេងឥន្ធនៈនិងឧស្ម័នបម្រុងទៀតផងដែរ។ យ៉ាងណាក្តីគូប្រជែងរបស់ប្រទេសនេះគឺកាតារ នឹងទទួលធ្វើម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ជើងឯកបុរសពិភពលោក 2022 FIFA World Cup នៅឆ្នាំក្រោយ។
អត្ថបទពាក់ព័ន្ធ៖កាតារ ធ្វើម្ចាស់ផ្ទះពាន Arab Cup សម្រាប់រដ្ឋឥស្លាម មុនប្រកួត FIFA World Cup
មហាសន្និបាតលើកទី៧១ របស់ FIFA នឹងធ្វើឡើងនៅវេលាម៉ោង១៥:០០នាទីថ្ងៃសុក្រ ទី២១ខែឧសភា ឆ្នាំ២០២១ ប្រទេសស្វីស ដោយធ្វើឡើងតាមប្រព័ន្ធអនឡាញ ព្រោះតែការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕
