នៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២នេះ ភាពយន្ត «គ្រោះជីវិតកូវីដ -១៩» ត្រូវបានប្រកាសដាក់សម្ពោធថ្ងៃចាក់បញ្ជាំងជាផ្លូវការ ដែលកម្មវិធីនោះមានការចូលរួមពីសំណាក់ ចាងហ្វាងផលិតកម្មកថាជ័យ លោក ហ៊ុយ យ៉ាឡេង ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការតំណាងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តារាចម្រៀងសំឡេងស្អក ហួរ ឡាវី និងតារាកិត្តិយសជាច្រើនដួង។

ថ្លែងក្នុងពិធីដាក់សម្ពោធភាពយន្តមួយនេះ លោក ហ៊ុយ យ៉ាឡេង បានលើកឡើងថា ភាពយន្ត«គ្រោះជីវិតកូវីដ -១៩» ត្រូវបានឧទ្ទិសចំពោះការបាត់បង់ប្រជាពលរដ្ឋខ្មែរដែលបង់ជីវិតដោយសារជំងឺកូវីដ១៩ ដែលនៅក្នុងនោះមាន ភរិយាលោក ហួរ ឡាវី ក៏ត្រូវម្ដាយបង្កើតរបស់តារាចម្រៀងស្រី វី ឌីណែត និងម្ដាយតារាកំប្លែងស្រីពីន នៅពេលជំងឺនេះកំពុងវាយឡុកមកក្នុងប្រទេសកម្ពុជា និងរាលដាលនៅក្នុងសហគមន៍។

លោកបន្តថា ក្រៅពីផ្ញើសាររម្លឹកពីស្ថានភាពដ៏លំបាកនៅក្នុងអំឡុងពេលកូវីដ១៩ហើយនោះ ជាមួយគ្នាដែរ ភាពយន្តមួយនេះ ក៏បានអប់រំចំពោះខាងវិស័យអនឡាញន៍ និងអចលៈទ្រព្យមួយចំនួនផងដែរ ខណៈរស់នៅក្នុងស្ថានភាពគ្រាលំបាកកូវីដ១៩ គេឃើញមានរូបភាពបោកប្រាស់ទំនុកចិត្តពីមហាជនជាច្រើនសណ្ឋានទៀត ដែលនាំឱ្យមនុស្សកាន់តែរស់នៅដោយ មិនមានភាពស្មោះត្រង់ រស់នៅកេងប្រវ័ញគ្នា ក្បត់គ្នា គ្រួសារមិនចុះសម្រុង ដោយសារតែចង់បានលុយជាធំ យកមកដោះស្រាយបំណុល។

លោក ហ៊ុយ យ៉ាឡេង និងកញ្ញា យ៉ែម ស្រីពេជ្រ

លោក ហ៊ុយ យ៉ាឡេង បានបន្តថា នៅថ្ងៃសម្ពោធភាពយន្តនេះ មានសិល្បករជាតារាចម្រៀងសំឡេងស្អក ហួរ ឡាវី ដែលអង្គុយនៅទីនេះ គឺជាសាក្សីរស់ ដែលបានជួបបញ្ហាដូចលើកឡើងខាងលើ នាអំឡុងកូវីដ១៩ កាលពី២ឆ្នាំមុន។ លោកបានរំពឹងថា មហាជននឹងគាំទ្រខ្សែរភាពយន្តចុងក្រោយរបស់លោកមួយនេះ ជាពិសេសគឺ មហាជនដែលបម្រើការងារក្នុវិស័យអនឡាញន៍ និងអចលៈទ្រព្យ បានចូលរួមទស្សនាហើយ នឹងទទួលបានគំនិតល្អៗជាច្រើន ក្នុងការអភិវឌ្ឍន៍ខ្លួន។

វី ឌីណែត

យ៉ាងណាក្ដី តារាចម្រៀងស្រី វី ឌីណែត ដែលបានចូលរួមនៅក្នុងថ្ងៃសម្ពោធភាពយន្តនោះ ក៏បានលើកឡើងប្រាប់អ្នកសារព័ត៌មានត្រយងថា កញ្ញានៅតែដក់ជាប់អារម្មណ៍ឈឺចាប់ចំពោះការបាត់បង់ម្ដាយដោយសារជំងឺកូវ១៩នេះនៅឡើយទេ។ ភាពយន្ត​ «គ្រោះជីវិតកូវីដ -១៩» ហាក់បីដូចជានិយាយពីជីវិតមួយផ្នែករបស់កញ្ញា ហើយកញ្ញាថា កញ្ញនឹងធ្វើចិត្តសិនចំពោះការទស្សនាភាពយន្តមួយនេះ ព្រោះភាពយន្តនេះអាចនឹងធ្វើឱ្យកញ្ញាស្រក់ទឹកភ្នែកជាក់ជាមិនខាន។ កញ្ញាបានអំពាវនាវដល់មហាជនអ្នកគាំទ្រទាំងអស់ នៅតែបន្តការពារខ្លួនពីជំងឺកូវីដ១៩ និងចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស តាមវិធានការរបស់ក្រសួងសុខាបាល។

យ៉ែម ស្រីពេជ្រ តួឯកស្រី

ភាពយន្ត «គ្រោះជីវិតកូវីដ -១៩» មានការចូលរួមសម្ដែងពីសំណាក់តារាល្បីៗដូចជា លោក ហ៊ុយ យ៉ាឡេង កញ្ញា យ៉ែម ស្រីពេជ្រ សឿន វីតា , លឹម សុធាវី , លឹម រដ្ឋា , គីម ស៊ីវឡាម, ចន ច័ន្ទតារា , បូនី ផេស៊ីកា និងតារាកិត្តិយសជាច្រើនរូបទៀត។ ភាពយន្តនេះនឹងដាក់បញ្ចាំងឱ្យទស្សនាចាប់ពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២២នេះតទៅ គ្រប់រោងភាពយន្ត៕

អត្ថបទទាក់ទង៖

មតិ​ហ្វេន​៖ ​សង្ស័យ​ភាពយន្ត​ «​គ្រោះ​ជីវិត​កូវីដ​១៩​»​ ដូច​នឹង​រឿង​រ៉ាវ​អ្នកនាង​ ខាត់​ សុឃីម​ បង់​លុយ​ឱ្យ​គេ​បោក​អស់​ជិត​ ១​លាន​ដុលារ​

ប្លែក​មែន​ទែន​! ហេតុ​អ្វី​លោក​ ហ៊ុយ​ យ៉ាឡេង​ ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មានភាពយន្ត​ «គ្រោះ​ជីវិត​កូវីដ​-១៩​» នៅ​មុខ​ចេតិយ​?

Share.