
ទីបំផុតក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា បានចេញមុខលើឆាកអន្តរជាតិជាផ្លូវការហើយ គឺចូលរួមប្រកួតក្នុងវគ្គជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី ដែលនៅសេសសល់ក្នុងពូល F ក្រោយសកម្មភាពបាល់ទាត់ក្នុងប្រទេសអាស៊ានមួយនេះស្ងប់ស្ងាត់អស់មួយរយៈធំ តាំងពីមានបញ្ហានយោបាយនៅក្នុងប្រទេសខ្លួន។
លោកគ្រូបង្វឹក Antoine Hey បានដឹកនាំកីឡាករ២៤នាក់របស់ខ្លួនធ្វើដំណើរទៅកាន់រាជធានីតូក្យូ ដោយប្តូរជើងហោះហើរនៅសិង្ហបុរី ខណៈក្រុមទាំងមូលបានទៅដល់នៅថ្ងៃសៅរ៍ ទី២២ ខែឧសភា ឆ្នាំ២០២១ ដែលមានរយៈពេល១សប្ដាហ៍មុនជួបម្ចាស់ផ្ទះជប៉ុន។
អត្ថបទពាក់ព័ន្ធអាស៊ាន៖ហ្វីលីពីន កោះហៅអ្នកចាំទីនៅក្លិប Birmingham City របស់អង់គ្លេស មកជួយជម្រើសជាតិ
លោកគ្រូបង្វឹកជនជាតិអាល្លឺម៉ង់ រូបនេះបានបញ្ជាក់ថាកីឡាករទាំងអស់ បានធ្វើតេស្ដស្វែងរកជំងឺកូវីដ-19 នៅអាកាសយានដ្ឋាន ហើយរង់ចាំលទ្ធផលរយៈពេល៣ម៉ោង ទើបដឹងថាគ្រប់គ្នាអវិជ្ជមានទាំងអស់ ទើបអាចធ្វើដំណើរទៅកាន់សណ្ឋាគារសម្រាប់ស្នាក់នៅបាន។ នៅព្រឹកថ្ងៃអាទិត្យម្សិលមិញលោក Antoine Hey បានដឹកនាំកូនក្រុមហ្វឹកហាត់ជាផ្លូវការទឹកដីប្រទេសអាស៊ី ខាងកើតមួយនេះ។

នេះជាសកម្មភាពចេញទៅប្រកួតនៅក្រៅប្រទេសជាលើកដំបូងរបស់ក្រុមបាល់ទាត់ក្នុងប្រទេសមីយ៉ាន់ម៉ា គិតចាប់តាំងពីស្រុកទេសជួបវិបត្តិនយោបាយ ខណៈមានក្រុមបាល់ទាត់Shan United ដកខ្លួនចេញពី2021 AFC Champions League ក្នុងវគ្គចែកពូល និងក្រុមHanthawady United ដកខ្លួនចេញពីពានរង្វាន់ 2021 AFC Cup ផងដែរ។
អត្ថបទពាក់ព័ន្ធអាស៊ាន៖លីគ នៅប្រទេសថៃ ៣កម្រិតដាក់ផែនការរដូវកាលថ្មី គ្រោងបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០២២
ពូល F នៃវគ្គជម្រុះជុំទី២ នៃពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី មានក្រុមជប៉ុន តាហ្ស៊ីគីស្ថាន កៀហ្ស៊ីស៊ីស្ថាន និងម៉ុងហ្គោលី។ ពូលនេះនឹងធ្វើឡើងនៅប្រទេសជប៉ុន សម្រាប់ប្រកួតដែលនៅសេសសល់ ខណៈមីយ៉ាន់ម៉ា ត្រូវប៉ះម្ចាស់ផ្ទះជប៉ុន នៅថ្ងៃទី២៨ ឧសភា ហើយថ្ងៃទី១១ ខែមិថុនា បន្តប៉ះ កៀហ្ស៊ីស៊ីស្ថាន និងចុងក្រោយប្រកួតបិទពូលជាមួយ តាហ្ស៊ីគីស្ថាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១៕
