
បញ្ជីឈ្មោះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហាញជាសាធារណៈកាលពីពេលថ្មី ក្នុងនោះឃើញថាកីឡាករ គួច សុកុម្ភៈ មានវ័យចាស់ជាងគេក្នុងក្រុម ហើយកីឡាករ ឡេង ណូរ៉ា មានវ័យក្មេងជាងគេក្នុងក្រុម។
បញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា សូមចុចអានទីនេះ…
*គួច សុកុម្ភៈ
កីឡាករមកពីខេត្តកំពង់ធំ រូបនេះជាប្រធានក្រុមមកពីក្លិបណាហ្គាវើល សមាជិកលីគកំពូលកម្ពុជា ហើយបច្ចុប្បន្នមានវ័យ៣៤ឆ្នាំ ៣ខែ និង៩ថ្ងៃ គិតត្រឹមថ្ងៃចេញបញ្ជីឈ្មោះថ្ងៃច័ន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១។
កីឡាករ សុកុម្ភៈ មានវ័យច្រើនជាងច្រើនជាងលោក អ៊ុក សុធី គ្រូជំនួយក្នុងក្រុមជម្រើសជាតិកម្ពុជា ដែលមានវ័យ៣៣ឆ្នាំ ៧ខែ និង១៩ថ្ងៃ និងប្អូនអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា Keisuke Honda ដែលមានវ័យ៣៤ឆ្នាំ ១១ខែ និង១១ថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖អស្ចារ្យ!ខេត្តព្រៃវែង បំបែកកំណត់ត្រាបឹងកេត និងវិសាខា រឿងកីឡាករជាប់ជម្រើសជាតិ
រូបគេបានជាប់ជម្រើសជាតិលើកដំបូងពីឆ្នាំ២០០៦ ក្នុងបេសកកម្មពានរង្វាន់កម្រិតទ្វីបអាស៊ី 2006 AFC Challenge Cup ដែលធ្វើឡើងនៅប្រទេសបង់ក្លាដេស ពីថ្ងៃទី១ ដល់១៦ ខែមេសា។ ប្រកួតដំបូងជាមួយក្រុមម្ចាស់ផ្ទះបង់ក្លាដេស នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ក្នុងវ័យ១៩ឆ្នាំ កីឡាករ កុម្ភៈ ត្រូវបានគ្រូបង្វឹកជនជាតិកូរ៉េខាងជើង Jo Yong-Chol ដាក់ឱ្យចូលប្រកួតពេញម៉ោងតែម្តង ខណៈលទ្ធផលចាញ់ម្ចាស់ផ្ទះ ២ទល់១។
*ឡេង ណូរ៉ា
កីឡាកររូបនេះមានម្ដាយជាជនជាតិខ្មែរ និងឪពុក ជាជនជាតិហ្គាណា ជាសមាជិកនៅក្នុងក្រុមបាល់ទាត់ខេត្តព្រៃវែង ហើយនេះជាលើកដំបូងហើយដែលរូបគេជាប់ជម្រើសជាតិឈុតធំ។ ណូរ៉ា មានវ័យ១៦ឆ្នាំ៨ខែ ៥ថ្ងៃ ប៉ុន្តែវ័យរបស់គេ នៅមិនទាន់បំបែកកំណត់ត្រារបស់កីឡាករ សៀង ចន្ធា នៅឡើយនោះទេ ដែលរូបគេកោះហៅចូលក្រុមជម្រើសជាតិដំបូងក្នុងវ័យ ១៦ឆ្នាំ ៥ខែ ២០ថ្ងៃ។
ក្រុមជម្រើសជាតិកម្ពុជា ត្រៀមចេញទៅប្រកួតក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup និងវគ្គជម្រុះពាន AFC Asian Cup 2023 ប្រចាំទ្វីបអាស៊ី ដែលនៅសេសសល់ក្នុងជុំទី២ នាខែមិថុនា ខាងមុខ នៅប្រទេសបារ៉ែន៕
អត្ថបទពាក់ព័ន្ធ៖Keisuke Honda ប្រាប់កីឡាករមិនជាប់ជម្រើសជាតិលើកនេះ«កុំអន់ចិត្តអី»
