សហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូង South American Football Confederation (CONMEBOL) បានប្រកាសពីការដកខ្លួនធ្វើជាសហម្ចាស់ផ្ទះរបស់ប្រទេសអាហ្សង់ទីន និងកូឡុំប៊ី ក្នុងព្រឹត្តិការណ៍ជើងឯកប្រចាំទ្វីបដែលមានវ័យ១០៥ឆ្នាំ Copa América ព្រោះតែស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែកើនឡើងក្នុងប្រទេស ខណៈនៅសល់តែ១៣ថ្ងៃទៀតការប្រកួតនឹងត្រូវចាប់ផ្ដើមហើយ។
តាមផែនការព្រឹត្តិការណ៍នេះមានក្រុមចូលរួមចំនួន១០ក្រុម បែងចែកជា២ពូល នឹងចាប់ផ្ដើមពីថ្ងៃទី១៣ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ហើយធ្វើឡើងនៅប្រទេសអាហ្សង់ទីន សម្រាប់ពូល A ហើយពូល B ធ្វើនៅប្រទេសកូឡុំប៊ី។ ប៉ុន្តែកាលពីថ្ងៃទី២០ ឧសភា កន្លងទៅប្រទេសកូឡុំប៊ី បានប្រកាសដកខ្លួនធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍នេះ ខណៈនៅដំណាច់ខែប្រទេសអាហ្សង់ទីន ប្រកាសដកខ្លួនដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖អាមេរិកខាងត្បូង គ្រោងយកវ៉ាក់សាំងចិនSinovac ចាក់ឱ្យកីឡាករមុនប្រកួតជើងឯកប្រចាំទ្វីប
តាមគម្រោងពូល A អាហ្សង់ទីន,ប៉ូឡាវី,អ៊ុយរុយហ្គាយ,ប៉ារ៉ាហ្គាយ ចំណែកពូល B កូឡុំប៊ី,ប្រេស៊ីល,វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និងប៉េរូ។
ពេលនេះ CONMEBOL កំពុងតែស្វែងរកប្រទេសជាសមាជិកដែលមានចំណាប់អារម្មណ៍ក្នុងការទទួលបន្តដើម្បីធ្វើជាម្ចាស់ផ្ទះពាន Copa América ខណៈប្រទេសឈីលី ធ្លាប់បានបង្ហាញការចាប់អារម្មណ៍នាពេលកន្លងទៅក្រោយកូឡុំប៊ី ប្រកាសដកខ្លួនធ្វើជាម្ចាស់ផ្ទះ។
ពានរង្វាន់ Copa America រៀបចំឡើងតាំងពីឆ្នាំ១៩១៦ ហើយក្រោយមកវិវត្តន៍រៀបចំនៅរាល់៣ឆ្នាំម្តង ដោយប្រទេសអ៊ុយរ៉ាហ្គាយ ឈ្នះពានរង្វាន់បានច្រើនជាងគេ គឺរហូតដល់១៥លើក ខណៈក្រុមប្រេស៊ីល ជាម្ចាស់ជើងឯកឆ្នាំចាស់កាលពីឆ្នាំ២០១៩។ ចំណែកក្រុមអាហ្សង់ទីន ធ្លាប់ឈ្នះបាន១៤លើក ក្រុមប៉ារ៉ាហ្គាយ និងឈីលី ឈ្នះបានម្នាក់២លើក និងកូឡុំប៊ី និងបូឡាវី ឈ្នះម្នាក់១លើក៕
អត្ថបទពាក់ព័ន្ធ៖សម្តេចតេជោ៖«Messi និង Neymar អាចស្លាប់ទេ ក្រោយចាក់វ៉ាក់សាំងចិន?»