
ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាអូឡាំពិក 2020 Summer Olympicsនៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកស្រី Seiko Hashimoto បានបញ្ជាក់ថាព្រឹត្តិការណ៍កីឡាធំជាងគេលើលោកមួយនេះនៅតែបន្តដំណើរតាមការគ្រោងទុកប៉ុន្តែក្រុមអ្នកស្ម័គ្រចិត្តប្រមាណជា១ម៉ឺននាក់បានលាឈប់ ដោយសារតែស្ថានភាពកូវីដ-១៩។
ជាង៤០ថ្ងៃទៀតប៉ុណ្ណោះ ពិធីបើកីឡា 2020 Summer Olympics នឹងចាប់ដំណើរការហើយ ក្នុងកីឡដ្ឋាន Japan National Stadium ពោលគឺនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២១ ខាងមុខ។ ប៉ុន្តែទន្ទឹមនឹងនេះមានអ្នកស្ម័គ្រចិត្តប្រមាណ១ម៉ឺននាក់ ក្នុងចំណោម៨ម៉ឺននាក់បានលាឈប់។ យ៉ាងណាក្តីម្ចាស់ផ្ទះជប៉ុន នឹងអ្នករៀបចំការប្រកួតបានប្ដេជ្ញាចិត្តរៀបចំការប្រកួតឱ្យបានល្អ អំឡុងពេលពិភពលោកជួបវិបត្តិបែបនេះក្តី។
អត្ថបទពាក់ព័ន្ធ៖«តាក់ស៊ីហោះ» រៀបចំផែនការឱ្យទាន់ក្នុងកីឡាអូឡាំពិកនៅប៉ារីសឆ្នាំ២០២៤
«ប្រសិនបើកូវីដ-១៩ នៅតាមប្រទេសជុំវិញពិភពលោក វាយលុកខ្លាំង ហើយប្រតិភូនិងអត្តពលិកមិនអាចមកចូលរួមបាននោះយើងនឹងមិនរៀបចំវានោះទេ។ ប៉ុន្តែប្រសិនបើស្ថានភាពមិនកើតឡើងបែបនេះទេ នោះការប្រកួតបន្តនៅធ្វើដដែល»។ លោកស្រី Seiko Hashimoto ប្រាប់សារព័ត៌មាន Nikkan Sports។
តាមពិតការប្រកួតត្រូវធ្វើតាំងពីឆ្នាំ២០២០ មកម៉្លេះ ប៉ុន្តែដោយសារស្ថានភាពឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យមានការលើកមករៀបចំនៅឆ្នាំ២០២១ នេះវិញម្តង។
តាមផែនការកីឡាអូឡាំពិក នៅទីក្រុងតូក្យូ នឹងរៀបចំឡើងពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ ដោយរំពឹងថានឹងមានប្រទេស/តំបន់ ចូលរួមចំនួន២០៦ ដែលមានអត្តពលិកសរុបចំនួន ១១,០៩១ នាក់។ ប៉ុន្តែការពីប៉ុន្មានខែមុន ប្រទេសកូរ៉េខាងជើង បានប្រកាសមិនបញ្ជូនអត្តពលិកទៅចូលរួមប្រកួតនោះទេ ដោយសារខ្លាចមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕
អត្ថបទពាក់ព័ន្ធ៖កូរ៉េខាងជើង មិនបញ្ជូនអត្តពលិកទៅប្រកួតកីឡាអូឡាំពិកនៅប្រទេសជប៉ុនទេ
