
លោក Thomas Tuchel ដែលនាំក្រុមតោខៀវ Chelsea លើកពាន UEFA Champion League រដូវកាល២០២០-២១ កាលពីពេលថ្មីៗ បានសម្រេចបន្តកិច្ចសន្យាជាមួយក្រុមនៅទីក្រុងឡុងដុង មួយនេះរហូតដល់ឆ្នាំ២០២៤ ខាងមុខ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន eurosport។
បុរសជនជាតិអាល្លឺម៉ង់ រូបនេះបានធ្វើដំណើរទៅដល់កីឡដ្ឋាន Stamford Bridge កាលពីខែមករា កន្លងទៅជំនួសលោក Frank Lampard ដែលក្ដៅកៅអីក្រោយដឹកនាំមិនសូវបានល្អ។ លោកបានស្រោចស្រង់ក្រៅឈរចំណាត់ថ្នាក់លេខ៤ក្នុងពានរង្វាន់លីគកំពូលប្រទេសអង់គ្លេស English Premier League និងឈ្នះជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champion League។

ក្រោយកាន់ប៊ិចចុះកិច្ចសន្យាថ្មីនេះ លោក Thomas Tuchel លើកឡើងថា៖«ខ្ញុំមិននឹងស្មានថាជាឱកាសល្អសម្រាប់បន្តកិច្ចសន្យានេះ។ ខ្ញុំមានកិត្តិយសក្រៃលែងចំពោះបទពិសោធន៍និងសេចក្តីរីករាយក្នុងការបន្តការងារជាផ្នែកមួយនៃគ្រួសារ Chelsea។ នៅមានអ្វីៗជាច្រើនដែលត្រូវធ្វើ និងធ្វើជាជំហ៊ានៗឱ្យជោគជ័យតាមគោលដៅរបស់យើង»។
អត្ថបទពាក់ព័ន្ធ៖រឿង៤យ៉ាង ដែល Chelsea ទទួលបានក្រោយឈ្នះជើងឯក UEFA Champion League
លោក Marina Granovskaia នាយកបច្ចេកទេសរបស់ក្លិប Chelsea សម្លឹងឃើញពីភាពវិជ្ជមានជាច្រើននៅក្នុងក្រុម ក្រោយលោក Tuchel ចូលរួមគិតពីខែមករា មកហើយលោក រំពឹងថាបុរសវ័យ៤៧ឆ្នាំរូបនេះនឹងបន្តជួយក្រុមឱ្យកាន់តែប្រសើរឡើងក្នុងបេសកកម្មនានានៅពេលខាងមុខ។

មុនមកដល់ Chelsea លោក Thomas Tuchel ធ្លាប់ដឹកនាំក្រុម FC Augsburg II នៅស្រុកកំណើត ចន្លោះឆ្នាំ២០០៧-០៨ ហើយនៅឆ្នាំ២០០៩ ដល់២០១៤ បានដឹកនាំក្រុម Mainz 05 មុនដឹកនាំក្រុមBorussia Dortmund ចន្លោះឆ្នាំ២០១៥-១៧។ ចាប់ពីឆ្នាំ២០១៨-២០២០ លោកធ្វើដំណើរទៅបារាំង ដឹកនាំក្រុមយក្ស Paris Saint-Germain៕
អត្ថបទពាក់ព័ន្ធ៖N’Golo Kante កីឡាករទី៦ ដែលឈ្នះពាន World Cup, Premier League និងChampions League
