ចាប់តាំងពីការផ្ទុះអាវុធសាជាថ្មីរវាងកងទ័ពកម្ពុជានិងថៃ កាលពីចុងខែឧសភា ២០២៥កន្លងទៅនេះ មានភ្ញៀវទេសចរជាច្រើន រួមមានកងទ័ពផង បានមកបន់ស្រន់ច្រើននៅរមណីយដ្ឋានអ្នកតាឃ្លាំងមឿង។ បូជនីយដ្ឋានអ្នកតាឃ្លាំងមឿង មានទីតាំងស្ថិតនៅភូមិជំរំសៀម ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ ខាងលិចទីរួមខេត្តប្រហែល៦គីឡូម៉ែត្រ ។
សូមចុចអាន៖ មេបញ្ជាការវរសេនាតូចលេខ ១០៥ ប្តេជ្ញាស្លាប់ដើម្បីការពារបូរណភាពជាតិ ពីសត្រូវឈ្លានពាន

លោកតា ប៊ិន តុល ជាចាស់ព្រឹទ្ធាចារ្យនៅមើលថែរមណីយដ្ឋានអ្នកតាឃ្លាំងមឿង និងជាអ្នកកៀរគរបច្ច័យកសាងរមណីយដ្ឋាននេះផង បានលើកឡើងថា មួយរយៈនេះមានអ្នកមកបន់ស្រន់ច្រើន រួមទាំងមេទ័ពផង បានមកបន់ស្រន់សុំសេចក្ដីសុខសប្បាយ និងបន់ស្រន់ឲ្យកម្ពុជាមានសន្ដិភាព ហើយបើមានសត្រូវឈ្លានពានទឹកដីកម្ពុជាសូមឲ្យការប្រយុទ្ធតទល់នឹងសត្រូវឈ្នះគ្រប់ពេលវេលា។
សូមចុចអាន៖ ដើមឈើចម្លែក! ដើមសម្រក តែគេនិយមហៅថា ដើមឈើលោកតា ដើមឈើលោកយាយ នៅប្រាសាទតាមាន់
ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ក៏ដូចសាធារណជនទូទៅមានជំនឿលើអ្នកតាឃ្លាំងមឿងខ្លាំងណាស់ ព្រមទាំងបានធ្វើបុណ្យឡើងរោងជារៀងរាល់ឆ្នាំនៅថ្ងៃពេញបូណ៌មី ខែពិសាខ ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើនជូនដល់ប្រជាពលរដ្ឋរស់នៅ និងសុំទឹកភ្លៀងសម្រាប់ធ្វើស្រែចម្ការជាដើម។
លោកតា ប៊ិន តុលា បានលើកឡើងថា បារមីលោកតាឃ្លាំងមឿងស័ក្ដិសិទ្ធិខ្លាំងណាស់ ការបន់ស្រន់ភាគច្រើនរមែងទទួលបានជោគជ័យ ទើបមានអ្នកមកលាបំណន់ច្រើន ហើយការរីកចម្រើននៃបូជនីយដ្ឋានអ្នកតាឃ្លាំងមឿងនេះក៏ដោយសារថវិការបស់សប្បុរសជន ដែលបន់ស្រន់ជោគជ័យក៏មកលាបំណន់វិញជាដើម។
សូមចុចអាន៖ ជម្លោះព្រំដែនកម្ពុជាថៃ៖ អ្នកស្រុកជាំក្សាន្តជឿជាក់លើរាជរដ្ឋាភិបាល និងមិនចាកចេញពីភូមិបើមិនមានបទបញ្ជា





សូមជម្រាបជូនថា បូជនីយដ្ឋានប្រវត្តិសាស្រ្ត លោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ជាទីតាំងដែលប្រជាជនឆ្លងកាត់ខេត្តពោធិ៍សាត់តែងចូលគោរពអុជធូបសុំសេចក្ដីសុខមិនចេះដាច់នោះទេ។ ឯកសារប្រវត្តិសាស្ត្រនៅក្នុងសៀវភៅមហាវិរបុរសខ្មែរឲ្យដឹងថា លោកឧកញ៉ាឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ត្រូវចាត់ទុកជាវរជនស្នេហាជាតិខ្លាំងពូកែ ក្នុងការធ្វើសឹកសង្គ្រាមជាមួយទ័ពសៀម ការពារទឹកដីប្រទេសកម្ពុជា៕
សូមចុចអាន៖ កងទ័ពនៅប្រាសាទតាមាន់ មានជំនឿលើដើមចេកម្យ៉ាងថាមានបារមី



















