តាំង​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ី (AFC) បាន​​បង្កើត​ពានរង្វាន់​ជើង​ឯក​យុវជន​ក្រោម​អាយុ​២៣​ឆ្នាំ AFC U-23 Asian Cup សម្រាប់​ប្រទេស​ជា​សមាជិក​ប្រកួត​ប្រជែង​រាល់​​២​ឆ្នាំ​ម្តង ពី​ឆ្នាំ​២០១៣ (ឆ្នាំ​២០១២ សម្រាប់​ប្រកួត​ជម្រុះ) មាន​កីឡាករ​របស់​កម្ពុជា ចំនួន​៤រូប ធ្លាប់​ជាប់​ឈ្មោះ​​រហូត​ដល់​ទៅ​៣​ជំនាន់​ដូចៗគ្នា ក្នុង​កំណត់ត្រា​ពានរង្វាន់​កម្រិត​ទ្វីប​មួយ​នេះ។

សារព័ត៌មាន​ត្រយង សូម​ណែនាំ​ប្រិយមិត្ត​ឱ្យ​ស្គាល់​កីឡាករ​ទាំង​៤រូប​ដូច​ខាង​ក្រោម៖

ទី១) ខ្សែ​ការពារ នេន សុធារ័ត្ន របស់​ណាហ្គាវើលដ៍

នេន សុធារ័ត្ន ជា​ខ្សែ​ការពារ បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​ក្លិប​ណាហ្គាវើលដ៍ ធ្លាប់​បង្ហាញ​ខ្លួន​៣​ជំនាន់​មុន​គេ នៅ​ចន្លោះ​ឆ្នាំ​២០១២, ២០១៥ និង​២០១៧ ដោយ​បង្ហាញ​ខ្លួន​បាន​​១០​ប្រកួត មាន​៦៨៦នាទី។ នេន សុធារ័ត្ន ទទួល​បាន​ការ​ពេញចិត្ត​ពេញ​ថ្លើម​ពី​គ្រូ​បង្វឹក​៣ជំនាន់​ផ្សេង​គ្នា​ដែរ ដោយ​នៅ​ឆ្នាំ​២០១២ ក្រុម U23 កម្ពុជា ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក​ ប្រាក់ សុមន្នី ហើយ​នៅ​ឆ្នាំ​២០១៥ ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក​កូរ៉េខាងត្បូង Lee Tae Hoon និង​​នៅ​ឆ្នាំ​២០១៧ ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក​ប្រេស៊ីល Leonado Vitorino។

នេន សុធារ័ត្ន ប្រកួតទល់ជប៉ុន ក្នុងឆ្នាំ​២០១៧

ជា​ខ្សែ​ការពារ​ក៏​ពិត​មែន ប៉ុន្តែ នេន សុធារ័ត្ន បាន​រក​គ្រាប់​បាល់​ឱ្យ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ឈុត U23 ចំនួន​១គ្រាប់​ដែរ គឺ​នៅ​ប្រកួត​បើក​ឆាក​ព្រឹត្តិការណ៍ AFF U23 Championship ជម្រុះ​ពូល F នៅ​ថ្ងៃ​ទី​២៣ ខែ​មិថុនា ឆ្នាំ​២០១២ ទល់​ក្រុម​​ហុងកុង ខណៈ​កាល​នោះ​ក្រុម​កម្ពុជា ឈ្នះ​ហុងកុង ៣-២ លើ​ទីលាន Chao Anouvong Stadium ក្នុង​រដ្ឋធានី​វៀងច័ន្ទន៍​ប្រទេស​ឡាវ។ ជាមួយ​គ្នា​នោះ​ដែរ សុធារ័ត្ន ទទួល​បាន​ការ​ទុក​ចិត្ត​ពី​លោក​គ្រូ​បង្វឹក ប្រាក់ សុមន្នី ឱ្យ​ធ្វើ​ជា​ប្រធាន​ក្រុម​ក្នុង​ប្រកួត​​បិទ​ពូល F នៅ​ឆ្នាំ​២០១២ ទល់​នឹង​ក្រុម​កូរ៉េខាងជើង ផង​ដែរ។

អត្ថបទពាក់ព័ន្ធ៖ជម្រើសជាតិកម្ពុជា ចំនួន២៧នាក់ ត្រៀមប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup 2026

ទី២) ខ្សែ​ការពារ​​ស្លាប ឆេង ម៉េង របស់​វិសាខា

ខ្សែ​ការពារ​​​ស្លាប ឆេង ម៉េង បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​នៅ​ក្លិប​វិសាខា ជា​កីឡាករ​ទី២ ដែល​​ធ្លាប់​បាន​ជាប់​ឈ្មោះ​៣​ជំនាន់​ក្នុង​ក្រុម U23កម្ពុជា សម្រាប់​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូល​ដែរ គឺ​នៅ​ឆ្នាំ​២០១៥, ២០១៧ និង​២០១៩ ពោល​គឺ​បង្ហាញ​ខ្លួន​បាន​៤​ប្រកួត ហើយ​ត្រូវ​បាន​លោក​គ្រូ​បង្វឹក​ប្រេស៊ីល Leonado Vitorino អោយ​ធ្វើ​ជា​ប្រធាន​ក្រុម​ក្នុង​ប្រកួត​បើក​ឆាក​​​ពូល J នៅ​ឆ្នាំ​២០១៧ គ្រា​ដែល​កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ខណៈ​លទ្ធផល​គ្រា​នោះ​កម្ពុជា ស្មើ​គ្នា​ជាមួយ​ចិន ០-០។

ឆេង ម៉េង ប្រកួត​ទល់ជប៉ុន នៅឆ្នាំ​២០១៧

ទី៣) ខ្សែ​ការពារ​ស្លាប សឿត បារាំង របស់​ព្រះខ័នរាជស្វាយរៀង
ខ្សែ​ការពារ​ស្លាប សឿត បារាំង បច្ចុប្បន្ន​ប្រកប​អាជីព​នៅ​ក្លិប​​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង ធ្លាប់​ជាប់​ឈ្មោះ​៣​ជំនាន់​ក្នុង​ក្រុម​ U23 កម្ពុជា សម្រាប់​ប្រកួត​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី នេះ​ដែរ​ ពោល​គឺ​នៅ​​ឆ្នាំ​​២០១៧ ដែល​ដឹកនាំ​ដោយ​លោក​គ្រូ​បង្វឹក​ប្រេស៊ីល Leonado Vitorino នៅ​ឆ្នាំ​២០១៩ ដឹកនាំ​ដោយ​គ្រូ​បង្វឹក​អាហ្សង់ទីន Félix Agustín González Dalmás និង​ឆ្នាំ​២០២១ ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ជប៉ុន HIROSE RYU។ សរុប​នាទី​ទាំង​៦​ប្រកួត​ដែល សឿត បារាំង ធ្លាប់​បាន​បង្ហាញ​ខ្លួន​លើ​ទីលាន មាន​ចំនួន​៤៥៩នាទី ក្នុង​ឈុត U23 កម្ពុជា ប្រចាំ​ជើង​ឯក​កម្រិត​ទ្វីប​អាស៊ី នេះ។

សឿត បារាំង ប្រកួតទល់ហុងកុង នៅឆ្នាំ​២០២១

អត្ថបទពាក់ព័ន្ធ៖កីឡាករ ១០នាក់ បង្ហាញខ្លួនឱ្យកម្ពុជា វគ្គជម្រុះជើងឯក U23 ប្រចាំទ្វីបអាស៊ី ច្រើនជាងគេ

ទី៤) ខ្សែ​ប្រយុទ្ធ ស៊ិន កក្កដា របស់​វិសាខា
ខ្សែ​ប្រយុទ្ធ ស៊ិន កក្កដា របស់​ក្លិប​វិសាខា ជា​កីឡាករ​ទី៤ ដែល​បង្ហាញ​ខ្លួន​បាន​៣ជំនាន់​សម្រាប់​ឈុត U23 កម្ពុជា ក្នុង​ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី នេះ ដោយ​លើ​ទី១ នៅ​ឆ្នាំ​២០១៧ លើក​ទី២​ឆ្នាំ​២០១៩ និង​លើក​ទី៣ ឆ្នាំ​២០២១។

ស៊ិន កក្កដា ក្រោយទាត់ចូលទីក្រុមតៃវ៉ាន់ នៅឆ្នាំ​២០១៩

ស៊ិន កក្កដា មាន​កំណត់ត្រា​ល្អ​ជាង​គេ​ ធ្លាប់​ឈ្នះ​ងារ​កីឡាករ​ឆ្នើម​ប្រចាំ​ការ​ប្រកួត​បាន​១លើក ពេល​ប្រកួត​ទល់​ក្រុម​​កោះ​តៃវ៉ាន់ នៅ​ឆ្នាំ​២០១៩ គ្រា​ដែល​លទ្ធផល​បញ្ចប់​ទៅ​ស្មើ​គ្នា ១-១ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ ក្នុង​រាជធានី​ភ្នំពេញ។

មិន​តែ​ប៉ុណ្ណោះ ស៊ិន កក្កដា ក៏​ជាប់​ក្នុង​បញ្ជី Top Scorers របស់​ក្រុម U23 កម្ពុជា ក្នុង​ចំណោម​កីឡាករ​៦រូប​ ដែល​ជាប់​ឈ្មោះ​បច្ចុប្បន្ន​ដែរ ពោល​គឺ​រក​បាន​គ្រាប់​ស្មើ​គ្នា ក្នុង​នោះ​មាន ភួង សុខសាណា, ចាន់ វឌ្ឍនាកា, ស៊ិន កក្កដា, សៀង ចន្ធា, ស រតនា និង សា ទី។ ២គ្រាប់​របស់​ ស៊ិន កក្កដា រក​គ្រាប់​បាល់​បំប៉ោង​សំណាញ់​ទី​ក្រុម​តៃវ៉ាន់ នៅ​ឆ្នាំ​២០១៩ នៅ​រាជធានី​ភ្នំពេញ ចំនួន​១គ្រាប់ និង​១គ្រាប់​ទៀត​ទាត់​បញ្ជូល​ទី​ក្រុង​ហុងកុង នៅ​ប្រកួត​បើ​ឆាក​ពូល K ឆ្នាំ​២០២១ នៅ​ J-Village Stadium ក្នុង​ប្រទេស​ជប៉ុន ខណៈ​លទ្ធផល​រួម​កម្ពុជា ឈ្នះ​ហុងកុង ៤-២៕

សម្រាប់កម្មវិធីប្រកួតរបស់ក្រុម U23កម្ពុជា នៅឆ្នាំ​២០២៥ នេះ​ សូមចុចនៅទីនេះ…

Share.