នាយករដ្ឋមន្រ្តីចាំផ្ទះ លោក អានុទិន ឆាន់វីរៈគុល ចេញមុខអះអាងនិងហ៊ានបោះសម្ដីបែបក្អេងក្អាងមិនក្រែងចិត្តរដ្ឋាភិបាលប្រទេសឥណ្ឌាទាល់តែសោះ ទាក់ទងនឹងការរំលំរូបបដិមាព្រះនរាយណ៍នៅតំបន់ព្រំដែនកំពុងមានជម្លោះជាមួយកម្ពុជា ដោយបានយកព្រះជានិមិត្តរូបនៃការគោរពបូជាចំពោះសាសនាព្រាហ្មណ៍ ទៅប្រៀបនឹងដៃជើងរបស់យោធាថៃទៅវិញ។

សារព័ត៌មាន Khaosod នាថ្ងៃទី២៥ ខែធ្នូ នេះ បានឱ្យដឹងថា «រូបសំណាកដែលត្រូវបានបំផ្លាញ មិនអាចយកទៅប្រៀបធៀបជាមួយដៃជើងដែលទាហានរបស់យើងបានបាត់បង់នោះទេ ហើយក៏មិនអាចប្រៀបធៀបទៅនឹងទង្វើប្រមាថសាសនាដែរ។ ខ្ញុំនឹងមិនធ្វើការប្រៀបធៀបបែបនេះទាល់តែសោះ» នេះបើយោងតាមការដកស្រង់សម្ដីដើមរបស់លោក អានុទិន បាននិយាយជាមួយអ្នកកាសែតកាលពីថ្ងៃទី២៤ ខែធ្នូ ម្សិលម៉ិញ។

យ៉ាងណាម៉ិញ ការអះអាងរបស់លោក អានុទិន នាពេលនេះ ហាក់ដូចជាចង់ការពារយោធារបស់ខ្លួនដែលបានទៅបំផ្លាញរូបសំណាក់ព្រះនរាយណ៍ ហើយមិនខ្វល់ពីការរិះគន់ ឬ ការថ្កោលទោសប្រតិកម្មពីរដ្ឋាភិបាលឥណ្ឌាសោះឡើយ។ ខណៈកាលពីម្សិលម៉ិញ ក្រសួងការបរទេស និងរដ្ឋាភិបាលឥណ្ឌា បានចេញសេចក្ដីថ្លែងការណ៍ ស្ដីពីការមិនពេញចិត្ត និងចាត់ទុកការបំផ្លាញរូបសំណាក់ដ៏ពិសិដ្ឋរបស់អ្នកគោរពព្រហ្មញ្ញសាសនាជាទង្វើគ្មានការគោរពក៏ដោយ។

ជាមួយគ្នានោះ អតីតសមាជិកសភារបស់ឥណ្ឌា លោក Vijayasai Reddy បានហៅការបំផ្លិចបំផ្លាញនេះថាជា «រឿងដែលមិនអាចទទួលយកបាន» នៅក្នុងការបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃអង្គារ ដោយលោកព្រមានថា «ការវាយប្រហារលើកេរ្តិ៍តំណែលសាសនា ក្រោមលេសនៃជម្លោះទឹកដី គ្រាន់តែបង្ហាញឱ្យឃើញពីការខ្វះការអត់ឱនប៉ុណ្ណោះ»។ លោក Reddy បានសរសេរថា «ទោះបីជាត្រូវបានដាក់ដោយកម្ពុជា ឬមិនមែនក៏ដោយ ការវាយប្រហារលើជំនឿ និងកេរ្តិ៍តំណែល មិនអាចយកមកធ្វើជាលេសបានឡើយ»៕

ប្រភព៖ Khaosod

ចុចអាន៖ រដ្ឋាភិបាលឥណ្ឌាប្រតិកម្ម ចំពោះទង្វើឈ្លានពានរបស់ទាហានថៃ មកលើកម្ពុជា ដែលបានពង្រីកទៅដល់ការបំផ្លាញទីសក្ការៈបូជាតាមបែបជំនឿសាសនា!

ចុចអាន៖ ពលរដ្ឋឥណ្ឌា ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​យោធាថៃបំផ្លាញ​រូប​បដិមាព្រះនារាយណ៍ ជា​អាទិទេព​ដ៏​ពិសិដ្ឋ​មួយ​អង្គ​ក្នុង​ជំនឿ​ព្រហ្មញ្ញ​សាសនា

Share.