ក្រសួងអប់រំ យុវជន និងកីឡា សម្រេចជ្រើសយកថ្ងៃច័ន្ទ ទី១០ ខែសីហា ឆ្នាំ ២០២៦ ជាកាលបរិច្ឆេទសម័យប្រលងមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦។ ក្រសួងអប់រំអះអាងថា ក្រសួងនៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះទាំង៤ គឺ «ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន» ពោលគឺ “អ្នកចេះគឺជាប់” ដើម្បីធានាបាននូវគុណភាពនៃការអប់រំ និងយុត្តិធម៌សង្គម។

យោងតាមប្រកាសរបស់ក្រសួងអប់រំ ប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦មាន មណ្ឌលប្រឡងសរុបចំនួន ២៤៤ ត្រូវជា ៦២០៧ បន្ទប់ នៅទូទាំងប្រទេស។ ដូចជាឆ្នាំកន្លងទៅដែរ, មណ្ឌលប្រឡងត្រូវបានបែងចែកដាច់ដោយឡែកពីគ្នារវាងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ដោយក្នុងមួយមណ្ឌលមានចាប់ពី ៣ ដល់ ៤៦ បន្ទប់ ហើយក្នុងមួយបន្ទប់ត្រូវមានបេក្ខជនចំនួន ២៥ នាក់ ព្រមទាំងមានការរៀបចំបន្ទប់បម្រុងពិសេសសម្រាប់បេក្ខជនដែលមានបញ្ហាសុខភាពជាយថាហេតុផងដែរ។ តួលេខផ្លូវការនៃចំនួនបេក្ខជនដែលបានចុះឈ្មោះប្រឡងសរុបមិនទាន់ត្រូវបានប្រកាសបង្ហាញជាផ្លូវការនៅឡើយទេ។
ទាក់ទងនឹងពិន្ទុដែលត្រូវកំណត់ថា “ជាប់” ក្រសួងបានពន្យល់ថា របបពិន្ទុប្រឡងអតិបរមា ៥០០ពិន្ទុ ប៉ុន្តែដោយមុខវិជ្ជាភាសាបរទេសជាវិញ្ញាសាតាមស្ម័គ្រ ដូច្នេះពិន្ទុប្រឡងជាប់គឺ៥០០ ដក២៥ រួចចែកនឹង២ ស្មើនឹង ២៣៧,៥ ពិន្ទុ យកត្រឹម ២៣៧ ពិន្ទុ គឺ “ជាប់”។
ក្រសួងកំណត់យក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ពេលរសៀល សម្រាប់ប្រកាសលទ្ធផលប្រឡង នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។ ហើយលទ្ធផលប្រឡងនឹងត្រូវផ្សព្វផ្សាយនៅតាមមណ្ឌលប្រឡងទាំងអស់ទូទាំងប្រទេស ដោយមានប្រកាសតាមឧបករណ៍បំពងសំឡេង និងបិទផ្សាយជាបញ្ជីជាប់ធ្លាក់ជាផ្លូវការ តាមបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ក្រសួង។
សូមរំឭកថា ការប្រឡងប្រលងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ សម័យប្រឡង ៖ ២៨ សីហា ២០២៥ មានបេក្ខជនចុះឈ្មោះ មានសរុប ១៤៦ ៧២០ នាក់ ស្រី ៨១ ៤៤២នាក់ ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រ ៤០ ៦៧៨នាក់ (ស្រី ២៤ ៥១៩នាក់) បេក្ខជនថ្នាក់ វិទ្យាសាស្ត្រសង្គម ១០៦ ០៤២នាក់ (ស្រី ៥៦,៩២៣នាក់)។ ដោយឡែកបេក្ខជនដែលប្រឡងជាប់មានចំនួនសរុប ១២២,៤៧៣ នាក់ ត្រូវជា ៨៤,៥៦ ភាគរយ នៃចំនួនបេក្ខជនដែលបានមកប្រឡង។
បន្ថែមពីនោះទៀត ក្រសួងអប់រំ បានបញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុប ឆ្នាំ២០២៥ មានជាប់និទ្ទេស A ចំនួន ៣ ០០៣នាក់, ជាប់និទ្ទេស B ចំនួន ៩ ៩០១ នាក់, ជាប់និទ្ទេស C ចំនួន ២៨ ៨០១នាក់, ជាប់និទ្ទេស D ចំនួន៤៥,៨៥៩នាក់ និងជាប់និទ្ទេស E ចំនួន ៣៤,៩០៩នាក់៕

