ក្រុម U19 ថៃ ឈ្នះ​ពានកាលពីឆ្នាំ២០១៥

លោក Anurak Srikerd ដែល​ធ្លាប់​ដឹកនាំ​ក្រុម​​យុវជន​ថៃ ក្រោម​អាយុ​១៩​ឆ្នាំ​ឈ្នះ​ជើង​ឯក​ពានរង្វាន់​យុវជន​តំបន់​អាស៊ាន AFF U19 Championship នៅ​រដ្ឋធានី​វៀងច័ន្ទន៍ ក្នុង​ឆ្នាំ​២០១៥ ត្រូវ​បាន​សហព័ន្ធ​កីឡា​បាល់ទាត់​​ប្រទេសខ្លួន ​តែងតាំង​ឱ្យ​ដឹកនាំ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឈុត​ធំ​បណ្ដោះអាសន្ន​ក្រោយ​គ្រូ​បង្វឹក​ចាស់ លោក Akira Nishino ជនជាតិ​ជប៉ុន ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។

សហព័ន្ធ​កីឡា​បាល់ទាត់​ថៃ បាន​ចែក​ផ្លូវ​ជាមួយ​លោក Akira Nishino ក្រោយ​គ្រូ​បង្វឹក​រូប​នេះ​​ដឹកនាំ​ក្រុម​មិន​បាន​ល្អ​ក្នុង​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​ដែល​នៅ​សេសសល់​ក្នុង​វគ្គ​ជម្រុះ​ពូល G ប្រចាំ​តំបន់​អាស៊ី ជុំ​ទី២​នៃ​ពានរង្វាន់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup Qatar កាល​ពី​ពេល​ថ្មីៗ ពោល​គឺ​ធ្លាក់​ត្រឹម​វគ្គ​នោះ​តែម្តង។

អត្ថបទពាក់ព័ន្ធ៖ក្លិប​យក្ស​កូរ៉េខាងត្បូង Jeonbukខ្ចី​ជើង​កីឡាករ​ថៃ Sasalak ពី​ក្លិប Buriram ៦ខែ

អំឡុង​ពេល​ប្រមូល​ផ្ដុំ​ប្រកួត​លើក​នេះ​ក្រុម​ជម្រើស​ជាតិ​ថៃ បាន​ប្រកួត​មិត្តភាព​ចាញ់ អូម៉ង់ ១-០ ហើយ​ស្មើ​គ្នា ២ទល់២ ជាមួយ​តាហ្ស៊ីគីស្ថាន និង​ចាញ់​អ៊ូបេគីស្ថាន ៤ទល់១។ ចូល​ដល់​ប្រកួត​វគ្គ​ជម្រុះ​ពូល G វិញ​ក្រុម​ថៃ បាន​ស្មើ​គ្នា ២ទល់២ ជាមួយ​ឥណ្ឌូណេស៊ី ហើយ​ចាញ់​អារ៉ាប់រួម ៣ទល់១ និង​ចុងក្រោយ​ចាញ់​ម៉ាឡេស៊ី ១ទល់០។

លោក Akira Nishinoគ្រូបង្វឹកចាស់ ជាមួយ លោក Anurak Srikerd (អាវស ស្ដាំដៃ)

ដោយ​ឡែក​ការ​តែងតាំង​លោកAnurak Srikerd គឺ​ធ្វើ​ឡើង​ពីដំណាច់​ខែ​មិថុនា ថ្មីៗនេះ ខណៈ​លោក​បាន​ធ្វើការ​ងារ​ជាមួយ​លោក Akira Nishino គ្រូ​បង្វឹក​ចាស់​តាំង​ពី​ឆ្នាំ​២០១៩ មក​ម៉្លេះ ក្នុង​នាម​ជា​គ្រូ​ជំនួយ។ ជាមួយ​គ្នា​នោះ​ដែរ​លោក Carles Romagosa ជនជាតិ​អេស្ប៉ាញ នៅ​តែ​ជា​នាយក​បច្ចេកទេស​ដដែល ហើយ​លោក Issara Sritaro ជា​ជំនួយការ​គ្រូ​បង្វឹក និង​លោក Umarin Yaodam ជា​គ្រូ​អ្នកចាំទី។

លោកAnurak Srikerd មាន​បទពិសោធន៍​ដឹកនាំ​ក្រុម​ជា​ច្រើន​នៅ​ក្នុង​ស្រុក​ដូចជា​​ក្រុម Buriram នៅ​ឆ្នាំ​​២០១១ ហើយ​ប្តូរ​ទៅ​ដឹកនាំ​ក្រុម​ Phattalung នៅ​ឆ្នាំ​២០១១-១២ និង​នៅ​ឆ្នាំ​២០១២ ដដែល​ដឹកនាំ​ក្រុម​ Rangsit F.C. Phuket។ នៅ​ឆ្នាំ​២០១៣ លោក​បាន​ដឹកនាំ​ក្រុម Bangkok Glass និង Chiangrai United ហើយ​ឆ្នាំ​២០១៤ ដឹកនាំ​ក្រុម Bangkok Glass ឡើង​វិញ។

អត្ថបទពាក់ព័ន្ធ៖លីគ នៅ​ប្រទេស​ថៃ ៣​កម្រិត​​ដាក់​ផែនការ​រដូវកាល​ថ្មី គ្រោង​បញ្ចប់​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០២២

ចូល​ដល់​ឆ្នាំ​២០១៥ លោក​ទទួល​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ថៃ​ក្រោម​អាយុ​១៩​ឆ្នាំ ហើយ​បន្ត​ដឹកនាំ​ក្រុម Bangkok Glass វិញ និង​ឆ្នាំ​២០១៦ បន្ត​ដឹកនាំ​ក្រុម U19 ថៃ​ទៀត មុន​ចូល​រួម​ក្រុម​ Khon Kaen នៅ​ឆ្នាំ​២០១៧-១៨។ ឆ្នាំ​២០១៨ ដដែល​ដឹកនាំ​ក្រុម​ Bangkok Glass និង​ឆ្នាំ​២០១៩ ដឹកនាំ​ក្រុម​Ayutthaya United។

កាល​នៅ​ជា​កីឡាករ​​ក្រៅ​ពី​ប្រកប​អាជីព​នៅ​លីគ​កំពូល​ថៃ បុរស​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត Samut Prakan រូប​នេះ ​ធ្លាប់​ចេញ​ទៅ​ប្រកប​អាជីព​នៅ​លីគ​កំពូល​សិង្ហបុរី ២លើក​ដែរ ​គឺ​ឆ្នាំ​២០០២ ចូលរួម​ក្នុង​ក្រុម Woodlands Wellington និង​នៅ​ឆ្នាំ​២០០៥ ចូលរួម​ក្រុម Home United (បច្ចុប្បន្ន​ប្តូរ​ឈ្មោះ​ជា Lion City Sailors)។ លោក​ធ្លាប់​ឈ្នះ​ជើង​លីគ​កំពូល​ថៃ ២លើក ជាមួយ​ក្លិប BEC Tero Sasana និង​ឈ្នះ​ពាន Kor Royal Cup ១លើក ព្រម​ទាំង​ឈ្នះ​ពាន​ឯកត្តជន​ជា​កីឡាករ​ល្អ​ប្រចាំ​រដូវកាល ១លើក​ក្នុង​ឆ្នាំ​២០០០។

លោក Anurak Srikerd

ពេល​ដឹកនាំ​ក្រុម បុរស​វ័យ​៤៥ឆ្នាំ​រូប​នេះ​​ធ្លាប់​ជួយ​ក្រុម Bangkok Glass ឈ្នះ​ពានរង្វាន់ Thai FA Cup 2014 ១លើក និង​ឈ្នះ​ពានរង្វាន់ជើង​ឯក​តំបន់​អាស៊ាន AFF U19 Championship ១លើក។

អត្ថបទពាក់ព័ន្ធ៖ក្រោយ​លើក​ពាន​លីគ​កំពូល​ថៃ គ្រូ​បង្វឹក​រូប​នេះ​ផ្ទេរ​ទៅ​ដឹកនាំ​ក្លិប​ដែល​លោក ប៉ែន ផាត​ ធ្លាប់​ចូលរួម​កាល​ពី​ក្បែរ​៥០ឆ្នាំ​មុន

ផែនការ​បន្ទាប់​របស់លោកAnurak Srikerd នឹង​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ថៃ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​ជើង​ឯក​​យុវជន​ទ្វីប​អាស៊ី 2022 AFC U23 Championship, វគ្គ​ជម្រុះ​ជើង​ឯក​ទ្វីប​អាស៊ី AFC Asian Cup 2023 នៅ​ខែ​តុលា ពានរង្វាន់​ជើង​ឯក​តំបន់​អាស៊ាន AFF Suzuki Cup និង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២១ ចុង​ឆ្នាំ​នេះ​ដូចគ្នា៕

Telegram-Troryorng
Share.