
លោក Benjamin Tan បុរសជនជាតិសិង្ហបុរី បានចាកចេញពីកៅអីនាយកប្រតិបត្តិ (CEO) នៅពានរង្វាន់លីគបាល់ទាត់ប្រទេសថៃ Thai League (Thai League 1, Thai League 2, Thai League 3) ត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីជួយផែនការមួយដែលមានឈ្មោះថា «Unleash the Roar» ក្នុងការដណ្តើមកៅអីធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក 2034 FIFA World Cup នៅសិង្ហបុរី។
*ស្វែងយល់ពាក្យ«Unleash the Roar» ក្នុងអត្ថបទ៖ ប្រទេសសិង្ហបុរី បញ្ចេញផែនការដណ្តើមសិទ្ធិធ្វើម្ចាស់ផ្ទះ FIFA World Cup 2034 ខាងមុខ
មានព័ត៌មានជាច្រើននៅប្រទេសថៃ និងវៀតណាម សុទ្ធតែអះអាងថាបុរសវ័យ៤៤ឆ្នាំរូបនេះ ចាកចេញពីក្បាលម៉ាស៊ីន បាល់ទាត់នៅប្រទេសថៃ ទៅស្រវាកៅអីជានាយកប្រតិបត្តិប្រចាំពានរង្វាន់លីគប្រទេសវៀតណាម (V-League)។

ប៉ុន្តែឆ្លើយតបនឹងពាក្យចចាមអារាមខាងលើនេះ លោក Tan បានប្រាប់ក្រុមការងារ«សារព័ត៌មានត្រយង» តាមរយៈមិត្តភក្ដិសិង្ហបុរី ដែលកំពុងធ្វើការនៅកម្ពុជា កាលពីថ្ងៃច័ន្ទ ថាលោកធ្វើដំណើរទៅប្រទេសសិង្ហបុរី វិញនោះទេ ដោយនឹងចូលធ្វើការនៅក្នុងដំណាច់ខែឧសភា ឆ្នាំ ២០២១ នេះ។

យ៉ាងណាក្តីលោកបានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោករំលឹកអនុស្សាវរីយ៍ការងារ៥ឆ្នាំកន្លងមកនេះនៅ Thai League និងលាមិត្តភក្ដិដែលធ្វើការងារជាមួយគ្នា។ លោកធ្វើដំណើរត្រឡប់ទៅដល់ស្រុកកំណើតវិញហើយ កាលពីយប់ថ្ងៃអាទិត្យ ព្រមទាំងត្រូវធ្វើចត្តាឡីស័ក្ខ១៤ថ្ងៃសិន។
យ៉ាងណាក្តីលោក បានផ្ដល់បទសម្ភាសន៍ពិសេសជាមួយសារព័ត៌មានសិង្ហបុរី The New Paper នៅថ្ងៃអង្គារ នេះថា៖«ខ្ញុំរីករាយនឹងការត្រឡប់មកវិញ (សិង្ហបុរី) ពេលដែលខ្ញុំលឺពីផែនការ Unleash the Roar ខ្ញុំពិតជារីករាយណា ហើយឥឡូវនេះខ្ញុំបានធ្វើជាផ្នែកមួយនៃផែនការនេះ»។
អត្ថបទពាក់ព័ន្ធ៖សិង្ហបុរី សមាជិកអាស៊ានដំបូងគេចាប់ផ្ដើមប្រមូលផ្ដុំកីឡាករត្រៀមប្រកួតជម្រុះជើងឯកប្រចាំទ្វីបនិងជម្រុះ World Cup
«វាជាពេលល្អមួយជាមួយនិងផែនការ និងទីកន្លែងដែលត្រូវជ្រោងកម្រិតស្តង់ដារបាល់ទាត់សិង្ហបុរី ដោយមានការគាំទ្រពីគ្រប់គ្នា ទាំងអ្នកគាំទ្រ មន្រ្តីពាក់ព័ន្ធ កីឡាករ ម្ដាយឪពុក សាលារៀន រដ្ឋាភិបាល អ្នកឧបត្ថម្ភនិងអ្នកសារព័ត៌មាន ជាដើម។ ខ្ញុំសង្ឃឹមថាបាល់ទាត់សិង្ហបុរី នឹងធ្វើវាបាន»។លោក Tan នឹងធ្វើឯកជនភាវូបនីយកម្ម បាល់ទាត់នៅក្នុងពានរង្វាន់លីគកំពូលសិង្ហបុរី ឱ្យត្រូវតាមស្តង់ដារ ក្នុងលក្ខខណ្ឌអាជីព។

លោក Tan ធ្លាប់ធ្វើការនៅសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ជានាយកប្រតិបត្តិនៃការប្រកួតក្នុងទសវត្សឆ្នាំ២០០០ ហើយបន្តទៅធ្វើការនៅសហព័ន្ធកីឡាបាល់ទាត់អាស៊ី នៅឆ្នាំ២០១០ដល់២០១៤ ជានាយកកម្មវិធីប្រកួតរបស់ក្លិប។ នៅឆ្នាំ២០១៤ដល់២០១៦ លោកបានត្រឡប់ទៅជួយការងារនៅសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី វិញកាន់តួរនាទីជានាយរងផ្នែកគម្រោង និងអភិវឌ្ឍន៍។
អត្ថបទពាក់ព័ន្ធ៖លោក Lim Kia Tong បន្តតំណែងប្រធានសហព័ន្ធបាល់ទាត់សិង្ហបុរី ៥ឆ្នាំទៀតដោយរលូន
ការងារនៅក្រៅប្រទេសរបស់លោកចាប់ពីឆ្នាំ២០១៧ មកនេះបានលើកស្ទួយបាល់ទាត់ប្រទេសថៃ គួរឱ្យកត់សម្គាល់ រហូតក្លាយជាលីគបាល់ទាត់ល្អដាច់គេនៅក្នុងតំបន់អាស៊ាន។ គិតត្រឹមពេលនេះលីគថៃ ទទួលបានកៅអីដល់ទៅ៤ ក្រុមនៅក្នុងពានរង្វាន់បាល់ទាត់កម្រិតទ្វីបអាស៊ី AFC Champion League (បូកទាំងវគ្គជម្រុះ) គឺវាស្មើទៅនឹងប្រទេសខ្លាំងៗដូចជាកាតារ អារ៉ាប៊ីសាអ៊ូឌីត អ៊ីរ៉ង់ កូរ៉េខាងត្បូង និងជប៉ុន ជាដើម។ សកម្មភាពទាំង់អស់របស់ Tan នេះ ត្រូវបានប្រទេសក្នុងតំបន់អាស៊ាន មើលរំលង។ នេះបើតាមសារព័ត៌មាន The New Paper បញ្ជាក់៕
