
អស់រយៈពេល៧ឆ្នាំហើយ ដែលប្រធានក្រុមជម្រើសជាតិសិង្ហបុរី Hariss Harun ចុះកិច្ចសន្យាលេងឱ្យក្លិបអ្នកមាននៅម៉ាឡេស៊ី Johor Darul Ta’zim ព្រមទាំងជាផ្នែកមួយដែលឈ្នះពានរង្វាន់ជាច្រើន ខណៈនៅរសៀលថ្ងៃច័ន្ទ ទី១០ ខែឧសភា ឆ្នាំ២០២១ ក្លិបប្រកាសចែកផ្លូវគ្នាជាមួយកីឡាករវ័យ៣០ឆ្នាំរូបនេះ ប៉ុន្តែនៅដំណាលគ្នាដែរក្លិប Lion City Sailors FC ក្នុងស្រុកកំណើត បានប្រកាសពីការចូលរួមរបស់ខ្សែបម្រើរូបនេះ។
អត្ថបទពាក់ព័ន្ធ៖សិង្ហបុរី សមាជិកអាស៊ានដំបូងគេចាប់ផ្ដើមប្រមូលផ្ដុំកីឡាករត្រៀមប្រកួតជម្រុះជើងឯកប្រចាំទ្វីបនិងជម្រុះ World Cup
ក្លិប JDT បានលើកពីគុណសម្បត្តិជាច្រើនរបស់ Hariss Harun នៅលើបណ្តាញសង្គម Twitter អំឡុងពេលនៅជាមួយក្លិបគិតចាប់តាំងពីខែមករា ឆ្នាំ២០១៤មក។ ចំណែកក្លិប Lion City Sailors FC វិញបានប្រកាសនៅលើវិបសាយផ្លូវការ អំពីដំណើរទៅដល់របស់កីឡាករជម្រើសជាតិខ្លួនរូបនេះ។
Hariss បានប្រាប់វិបសាយ Lion City Sailors FC ថា៖«ខ្ញុំពិតជារីករាយដែលបានត្រឡប់មកផ្ទះវិញ។ លីគសិង្ហបុរី ជាកន្លែងដែលខ្ញុំចាប់ផ្ដើមអាជីព ហើយខ្ញុំពិតជារីករាយណាស់ដែលបានក្លាយជាផ្នែកមួយនៃចក្ខុវិស័យរបស់ Lion City Sailors FC ក្នុងគោលដៅនៃការរីកចម្រើនបាល់ទាត់ក្នុងលីគនិងក្នុងប្រទេសទាំងមូល»។
កីឡាករ Hariss Harun មានជីវិតជោគជ័យខ្ពស់បើធៀបទៅនឹងកីឡាករក្នុងតំបន់អាស៊ាន ដោយYoung Lions នៅសិង្ហបុរី ចាប់ពីឆ្នាំ២០០៧ ដល់២០១១ ហើយពីឆ្នាំ២០១២ ដល់២០១៣ ទីចូលរួមក្រុម LionsXII និងចាប់ពីឆ្នាំ២០១៤ ដល់២០២១ ចូលរួមជាមួយក្រុម JDT។ អំឡុងពេលប្រកបអាជីពនៅម៉ាឡេស៊ី Hariss ត្រូវបានក្លិបCE L’Hospitalet នៅប្រទេសអេស្ប៉ាញ ខ្ចីជើងក្នុងឆ្នាំ២០១៧ នៅជើងទី១ ហើយជើងទី២ ត្រូវក្លិបHome United (បច្ចុប្បន្នជា Lion City Sailors FC) ខ្ចីជើងម្តង។
អត្ថបទពាក់ព័ន្ធ៖លោក Lim Kia Tong បន្តតំណែងប្រធានសហព័ន្ធបាល់ទាត់សិង្ហបុរី ៥ឆ្នាំទៀតដោយរលូន
កីឡាកររូបនេះធ្លាប់ឈ្នះពានរង្វាន់ លីគកំពូលម៉ាឡេស៊ី នៅឆ្នាំ២០១៣ ជាមួយ LionXII ហើយពេលចូលរួមជាមួយ JDT រូបគេធ្លាប់ឈ្នះពានជាច្រើនដូចជា៖
-ជើងឯកពាន AFC Cup ឆ្នាំ២០១៥
-ជើងឯកពាន Malaysia Cup ឆ្នាំ២០១៩
-ជើងឯកពានលីគកំពូលម៉ាឡេស៊ី ៦សម័យកាល ២០១៤,២០១៥,២០១៦,២០១៨,២០១៩,២០២០
-ជើងឯកពាន Malaysia FA Cup ឆ្នាំ២០១៦
-ជើងឯកពាន Malaysian Charity Shield ៥សម័យកាល ២០១៥,២០១៦,២០១៨,២០១៩,២០២០

ចំណែកក្នុងក្រុមជម្រើសជាតិសិង្ហបុរី នាពេលកន្លងមកHariss Harun ធ្លាប់ឈ្នះពាន AFF Suzuki Cup 2012 និងឈ្នះមេដាយសំរឹទ្ធ ស៊ីហ្គេម ២០០៧,២០០៩,២០១៣។ ជាមួយគ្នានេះដែររូបគេឈ្នះពានឯកត្តជន មានកីឡាករក្មេងល្អជាងគេនៅលីគសិង្ហបុរី S.League Young Player of the Year ឆ្នាំ២០១៥ និងពានរង្វាន់កីឡាករ AFF Suzuki Cup 2016 Best Eleven៕
អត្ថបទពាក់ព័ន្ធ៖បុរសសិង្ហបុរី លាកៅអីCEO លីគបាល់ទាត់ថៃ ត្រឡប់ទៅជួយស្រុកកំណើតក្នុងផែនការ World Cup 2034
