សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី ដែលជាប្រជាជាតិអាស៊ាន បានបង្ហាញបញ្ជីឈ្មោះសមាជិកក្នុងក្រុមបាល់ទាត់ជម្រើសជាតិខ្លួននៅយប់ថ្ងៃចន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ ថ្មីៗនេះ ស្របពេលដែរមានកីឡាករបងប្អូនបង្កើត៣នាក់ ត្រូវបានកោះហៅចូលក្រុមក្នុងពេលដំណាលគ្នា។

ក្រោមការដឹកនាំរបស់លោក Tatsuma Yoshida គ្រូបង្វឹកជនជាតិជប៉ុន បានកោះហៅកីឡាករទាំង៣រូបនេះមានIrfan Fandi, Ikhsan Fandi និងIlhan Fand។ អ្នកទាំង៣ ជាកូនប្រុសបង្កើតរបស់លោក Fandi Ahmad អតីតសមាជិកក្រុមជម្រើសជាតិសិង្ហបុរី ចន្លោះឆ្នាំ១៩៧៩ដល់១៩៩៧។
អត្ថបទពាក់ព័ន្ធ៖ប្រធានក្រុមជម្រើសជាតិសិង្ហបុរី ស្ពាយជោគជ័យពីក្លិបសេដ្ឋីម៉ាឡេស៊ី ទៅស្រុកកំណើតវិញ
ចំពោះIrfan Fandi កើតនៅឆ្នាំ១៩៩៧ ធ្លាប់លេងឱ្យក្រុម Universidad Católica នៅលីគកំពូលប្រទេសឈីលី ក្នុងជើងទី១ឆ្នាំ២០១៥ ហើយជើងទី២បានប្តូរទៅចូលរួមក្រុម Young Lions នៅស្រុកកំណើតវិញ។ ខ្សែបម្រើកណ្ដាលរូបនេះ បានចេញទៅចូលរួមជាមួយក្រុម Home United នៅឆ្នាំ២០១៦-១៧ និងឆ្នាំ២០១៨ ត្រឡប់ទៅក្រៅ Young Lions វិញ។ ចាប់ពីឆ្នាំ២០១៩ រូបគេបានចូលរួមក្នុងបញ្ជីកូតាកីឡាករអាស៊ាននៅលីគប្រទេសថៃ ជាមួយក្រុម BG Pathum United ហើយគេជាកីឡាករដំបូងរបស់សិង្ហបុរី ដែលឈ្នះពានរង្វាន់លីគកំពូលថៃដែរ។
ចំណែក Ikhsan Fandi វិញកើតនៅឆ្នាំ១៩៩៩ ជាខ្សែប្រយុទ្ធ កំពុងប្រកបអាជីពនៅក្លិបបាល់ទាត់Jerv សមាជិកក្នុងពានរង្វាន់លីគលំដាប់ទី២ប្រទេសន័រវែស។ ខ្សែប្រយុទ្ធរូបនេះមានកម្ពស់ ១.៨៣ម៉ែត្រ បានចុះកិច្ចសន្យាកីឡាករអាជីពដំបូងជាមួយក្រុម Home United នៅឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៧-១៨ បានចូលរួមក្រុម Young Lions និងនៅឆ្នាំ២០១៩-២០ ចូលរួមក្នុងក្រុម Raufoss សមាជិកពានរង្វាន់លីគទី២ប្រទេសន័រវែស។
អត្ថបទពាក់ព័ន្ធ៖បុរសសិង្ហបុរី លាកៅអីCEO លីគបាល់ទាត់ថៃ ត្រឡប់ទៅជួយស្រុកកំណើតក្នុងផែនការ World Cup 2034
ចុងក្រោយគឺកីឡាករIlhan Fand កើតនៅឆ្នាំ២០០២ ជាខ្សែបម្រើ និងប្រយុទ្ធ នៅក្នុងក្រុម Young Lions ក្នុងលីគសិង្ហបុរី។ រូបគេពាក់អាវលេខ១៧ក្នុងក្រុមនេះ គិតចាប់ពីចុះកិច្ចសន្យាកីឡាករអាជីពពីឆ្នាំ២០១៩ មក។ កីឡាកររូបនេះធ្លាប់ហ្វឹកហាត់នៅថ្នាលយុវជន i2i Football Academy ក្នុងប្រទេសអង់គ្លេស ដែលមានទំនាក់ទំនងជាមួយក្លិប Leeds United អំឡុងពេលសិក្សានៅ Queen Ethelburga’s College ក្នុងទីក្រុង York។

កីឡាករ Irfan Fandi ធ្លាប់បានកោះហៅចូលក្រុមជម្រើសជាតិតាំងពីឆ្នាំ២០១៦ មកខណៈឆ្នាំ២០១៥ រូបគេចូលរួមក្នុងក្រុមឈុតយុវជនប្រកួតនៅស៊ីហ្គេម។ ចំពោះIkhsan Fandi ត្រូវបានកោះហៅចូលក្រុមយុវជននិងឈុតធំជម្រើសជាតិចាប់ពីឆ្នាំ២០១៧ មកទល់បច្ចុប្បន្នផងដែរ។ ដោយឡែកកីឡាករ Ilhan Fand មុនជាប់ឈ្មោះលើកដំបូងក្នុងក្រុមជម្រើសជាតិខ្លួន រូបគេធ្លាប់ចូលរួមក្រុមឈុតយុវជនតាំងពី U-16 ក្នុងឆ្នាំ២០១៧ មកម៉្លេះ។
សម្រាប់ក្រុមជម្រើសជាតិសិង្ហបុរី វិញត្រូវប្រកួតក្នុងវគ្គជម្រុះពូល D នៃពានរង្វាន់បាល់ទាត់ពិភពលោក 2022 FIFA World Cup Qatar ប្រចាំទ្វីបអាស៊ី ជុំទី២ ជាមួយក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត អ៊ូបេគីស្ថាន យេមែន និងប៉ាឡេស្ទីន ហើយពូលនេះធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
អត្ថបទពាក់ព័ន្ធ៖លោក Lim Kia Tong បន្តតំណែងប្រធានសហព័ន្ធបាល់ទាត់សិង្ហបុរី ៥ឆ្នាំទៀតដោយរលូន
