ខ្សែបម្រើបាល់ទាត់នារីជម្រើសជាតិប្រេស៊ីល Miraildes Maciel Mota ដែលគេស្គាល់ថា Formiga មានវ័យ៤៣ឆ្នាំទៅហើយ ខណៈរូបនាងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អូឡាំពិកបាន៧សម័យកាលជាប់ៗគ្នាគិតចាប់តាំងពីឆ្នាំ១៩៩៦ មកម៉្លេះ។
លើកទី១៖ វ័យ១៨ឆ្នាំ បង្ហាញខ្លួនលើកដំបូងក្នុងកីឡាអូឡាំពិកឆ្នាំ១៩៩៥ នៅអាត់តាឡង់តា សហរដ្ឋអាមេរិក កាលណោះប្រេស៊ីល ឈរចំណាត់ថ្នាក់លេខ៤ ក្រោយចាញ់ន័រវែស វគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ ដោយលទ្ធផល២-០។
លើកទី២៖ វ័យ២២ឆ្នាំ បង្ហាញខ្លួនក្នុងកីឡាអូឡាំពិកឆ្នាំ២០០០ នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលក្រុមប្រេស៊ីល ឈរចំណាត់ថ្នាក់លេខ៤ទៀត ក្រោយចាញ់អាល្លឺម៉ង់វគ្គចំណាត់ថ្នាក់លេខ៣ ដោយលទ្ធផល ២-០។
អត្ថបទពាក់ព័ន្ធ៖ទស្សនាបន្ទប់ស្នាក់នៅរបស់អត្តពលិកកម្ពុជា ក្រោយទៅដល់ទីក្រុងតូក្យូ ត្រៀមប្រកួតអូឡាំពិក
លើកទី៣៖ វ័យ២៦ឆ្នាំ បង្ហាញខ្លួនលើកទី៣ ក្នុងកីឡាអូឡាំពិកឆ្នាំ២០០៤ នៅទីក្រុងអាតែន ប្រទេសក្រិក ដោយជួយក្រុមជម្រើសជាតិប្រេស៊ីល ឈ្នះមេដាយ ប្រាក់ក្រោយចាញ់ក្រុមសហរដ្ឋអាមេរិក ដោយលទ្ធផល២-១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។
លើកទី៤៖ វ័យ៣០ឆ្នាំ បានបន្តបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិប្រេស៊ីល ក្នុងកីឡាអូឡាំពិកឆ្នាំ២០០៨ នៅទីក្រុងប៉េកាំង ហើយបន្តឈ្នះត្រឹមមេដាយប្រាក់ម្តងទៀត ដោយចាញ់ក្រុមសហរដ្ឋអាមេរិក១-០ នៅវគ្គផ្ដាច់ព្រ័ត្រ។
លើកទី៥៖វ័យ៣៤ឆ្នាំបង្ហាញខ្លួនក្នុងកីឡាអូឡាំពិកឆ្នាំ២០១២ នៅទីក្រុងឡុងដុង ប្រទេសអង់គ្លេស ដោយកាលនោះក្រុមជម្រើសជាតិនារីប្រេស៊ីល ធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្រុមជប៉ុន ២-០។
លើកទី៦៖វ័យ៣៨ឆ្នាំ បានបង្ហាញខ្លួនក្នុងកីឡាអូឡាំពិកឆ្នាំ២០១៦ នៅទីក្រុងរីយោ ប្រទេសប្រេស៊ីលផ្ទាល់តែម្តង តែត្រូវចាញ់ក្រុមជម្រើសជាតិកាណាដា ក្នុងវគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ ដោយលទ្ធផល២-១។
អត្ថបទពាក់ព័ន្ធ៖ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈនៅកីឡដ្ឋានបើកកីឡាអូឡាំពិក២០២០
លើកទី៧៖វ័យ៤៣ឆ្នាំបង្ហាញខ្លួនក្នុងកីឡាអូឡាំពិកឆ្នាំ២០២០ នៅទីក្រុងតូក្យូប្រទេសជប៉ុន ខណៈប្រេស៊ីល ស្ថិតនៅពូល F ជាមួយហុល្លង់, ចិន និងហ្សាំប៊ី។ ប្រកួតបើកឆាកនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ក្រុមប្រេស៊ីល បានយកឈ្នះក្រុមចិន ៥-០ ខណៈថ្ងៃទី២៤ កក្កដា បន្តជួបហុល្លង់ និងចុងក្រោយជួបក្រុមហ្សាំប៊ី នៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០២១ ជាជំនួបបិទពូល។
បើទោះជាមិនសូវជោគជ័យជាមួយក្រុមជម្រើសជាតិប្រេស៊ីលក៏ពិតមែន តែកីឡាការិនី Formiga ធ្លាប់ឈ្នះពានរង្វាន់ប្រចាំទ្វីបដូចជា Sudamericano Femenino ចំនួន៦លើក ពានរង្វាន់ Pan American Games ៣លើកផងដែរ។ ចំណែកក្លិបប្រកបអាជីពវិញ នាងចាប់អាជីពតាំងពីឆ្នាំ១៩៩៣ មកម៉្លេះ ដោយធ្លាប់ផ្លាស់ប្តូរជាង១០ក្លិបទាំងនៅទ្វីបអាមេរិកខាងត្បូង អាមេរិកខាងជើង និងនៅទ្វីបអឺរ៉ុប ផងដែរ៕
អត្ថបទពាក់ព័ន្ធ៖«តាក់ស៊ីហោះ» រៀបចំផែនការឱ្យទាន់ក្នុងកីឡាអូឡាំពិកនៅប៉ារីសឆ្នាំ២០២៤