រមណីយដ្ឋានទឹកធ្លាក់ផ្អោក ក្នុងខេត្តតាកែវ ប្រទេសកម្ពុជាពិតជាល្បីល្បាញដោយសារសម្រស់ធម្មជាតិ មានទឹកជ្រោះធ្លាក់ស្អាត ជាទីទាក់ទាញអ្នកទេសចរមកសម្រាកលំហែ និងទេសភាពជុំវិញដ៏ខៀវស្រងាត់ បង្កើតបរិយាកាសស្ងប់ស្ងាត់សម្រាប់អ្នកទស្សនា។ ទឹកជ្រោះ​ផ្អោកមាន​ប្រវែង​ប្រមាណ​ជា ១ ០០០ ម៉ែត្រ និង ទទឹង​ ២ ម៉ែត្រ ដែល​ហូរ​​ពី លើ​ភ្នំ ហើយ​កាត់​ថ្មដា​តូច-ធំ ចុះ​មក​ក្រោម និង មាន​ ​ផ្ទះស្បូវ សម្រាប់ អង្គុយ​លេង​កម្សាន្ត រួម​ទាំង​មាន លក់​ម្ហូប​អាហារ ដែល​មាន​តម្លៃ​ថោក​សមរម្យ​សម្រាប់ភ្ញៀវ​ទេសចរមក​កម្សាន្ត ផងដែរ។ អ្វី​ដែល​កាន់តែ​ជា​ពិសេស​ទៀត​នោះ រមណីយដ្ឋាន​ទឹក​ជ្រោះ​ផ្អោក​ សម្បូរ​ត្បូង​មាន​តម្លៃ។

សូមចុចអាន៖ ទន្លេបាទីពង្រឹងសេវា កំណត់តម្លៃអាហារ ដើម្បីស្រូបភ្ញៀវទេសចរ

លោកស្រី ឈុន ណាត ម្ចាស់អាជីវកម្ម​លក់គ្រឿង​អលង្ការនៅជ្រោះផ្អោក ដែលបានផ្ដើមអាជីវកម្ម​នៅទីនេះតាំងពីឆ្នាំ​២០០០ បានលើកឡើងថា​ ភ្ញៀវទេសចរគ្រប់ទិសទីមកកម្សាន្តនៅរមណីយដ្ឋានផ្អោក​គីរីវង់​ គឺមានពីចំណុចសំខាន់​គឺទី១ ពួកគេ​មកកម្សាន្តទឹកជ្រោះបែបធម្មជាតិ និងការទិញត្បូង​ ដែលជាត្បូងមានតម្លៃ​រកបានពីភ្នំនេះតែម្ដង។​

សូមចុចអាន៖ មកដឹងពីប្រវត្តិ ប្រាសាទភ្នំជីសូរ អាយុកាលជាង​១ពាន់ឆ្នាំ

នៅអំឡុងឆ្នាំ​២០០០ ដល់ឆ្នាំ​២០១០ ជ្រោះផ្អោកគឺជាទីតាំង​សំខាន់មួយដែលប្រជាជាជនជាច្រើន​មកជីក​រកត្បូងមានតម្លៃ ហើយត្បូងដែលសម្បូរជាងគេ ដូចជា ត្បូងសមុទ្រ​ ត្បូងកញ្ចក់​ ត្បូងផ្កាថ្ម ត្បូង​មីសិល ​និងត្បូងឃ្មុំ​ជាដើម ប៉ុន្ដែបច្ចុប្បន្ន​នៅកន្លែង​ដែលប្រជាជន​កំពុង​លេងទឹកយ៉ាងសប្បាយ​បានខ្សត់ខ្សោយហើយ។​

លោកស្រី ឈុន ណា បានលើកឡើងថា ត្បូង​នៅតែមាន​ប៉ុន្ដែដោយសារអាជ្ញាធរ​មិនអនុញ្ញាត​ឱ្យជីកជ្រៅឡើយ គឺបានត្រឹមតែ​១ម៉ែត្រ​ប៉ុណ្ណោះ។ សព្វថ្ងៃនេះ​រមណីយដ្ឋាន​ជ្រោះផ្អោក​បានក្លាយជាទីតាំងសំខាន់​មួយ​នៃការ​គ្រឿងអលង្ការ​ច្នៃពីត្បូង និងគ្រឿងតុបតែផ្សេងៗ។ ដោយជឿជាក់ថាត្បូងល្អ មានអតិថិជន​គ្រប់ខេត្តក្រុងបានបញ្ជាទិញ​ ជាពិសេស​ទីផ្សារ​នៅរាជធានីភ្នំពេញ។​

ជាង២០ឆ្នាំ​មកនេះ អ្នកស្រីឈុន ណាត បានលើកឡើងថា អាជីវកម្ម​របស់អ្នកស្រីគឺឈរជើងបានរឹងមាំ​ដោយសារតែ​ការប្រកាន់ខ្ជាប់នូវទស្សនៈថា «ការរកស៊ីត្រូវមានភាពស្មោះត្រង់ តម្លៃសមរម្យ​ ចំណេញតិចតែមានអតិថិជនច្រើន»។​

សូមចុចអាន៖ ដំណឹងល្អ! ជើងកូនដំរី លំផាត់ ជិតជាសះស្បើយ ១០០%ហើយ

ប្រិយមិត្តដែលចង់ទៅកម្សាន្តរមណីយដ្ឋានជ្រោះផ្អោក​ និងទិញត្បូងមានតម្លៃ ឬគ្រឿងអលង្ការច្នៃពីត្បូង​នោះ គឺប្រិយមិត្ត​អាចធ្វើដំណើរតាមផ្លូវជាតិលេខ​២ មកដល់ផ្សារ​ទន្លាប់​ ហើយបត់ស្ដាំដៃ​ចូលជ្រៅប្រមាណជា​ជាង​១គីឡូម៉ែត្រ តាមបណ្ដោយផ្លូវលេខ​១២៨ ហើយបត់ឆ្វេង​ប្រមាណជា​១គីឡូកន្លះទៀត ទើបបត់ស្ដាំវិញ នឹងដល់​ទឹកជ្រោះផ្អោកនេះហើយ​ ដែលស្ថិត​នៅ​ស្រុកគិរីវង់ ខេត្តតាកែវ ជាប់​នឹង​ព្រំដែនវៀតណាម​ (កាបាវ)។ យ៉ាងណាមិញប្រិយមិត្តដែលចង់លេងទឹកឱ្យកាន់តែសប្បាយនោះ​គឺនៅអំឡុងខែសីហា ដល់ខែតុលា​ ព្រោះនៅខែនេះ​មានទឹកច្រើន​ ហើយត្រូវ​នឹងខែបុណ្យភ្ជុំ​។ ជ្រោះផ្អោក​មាន៣កន្លែង​សម្រាប់​ងូតទឹក​ ហើយកន្លែង​នោះ គេសង់​ធ្វើជាអាងទឹកសម្រាប់​លេងកម្សាន្ត។​ ក្រៅពី​លេងទឹក ហូបអាហារឆ្ងាញ់តាមកញ្ចុះ​ជាពិសេស​បាញ់ឆែវនោះ ប្រិយមិត្ត​អាច​គយគន់​ត្បូងមានតម្លៃដែលគេច្នៃជាគ្រឿងអលង្កការ​នៅតាមផ្លូវ​ចូល​ ហើយទិញទុក​ធ្វើជាអនុស្សាវរីយ៍។

កុំភ្លេចឆ្លៀតពេលទៅកម្សាន្ត​ទាំង​អស់គ្នា​ណា៎!

Share.