សិល្បការិនី នាក់ សុផល បង្ហាញជូននូវកម្រងរូបថតថ្មីមានចំណងជើងថា «វដ្តជីវិត» ដោយប្រើប្រាស់រូបថតផ្ទៃពោះប្រាំបួនខែរបស់សិល្បការិនីរូបនេះផ្ទាល់ជាគោល។ ដោយមានជំនាញទាំងខាងរចនា និងថតរូបផងនោះ សុផល បង្កើតនូវរូបារម្មណ៍នៃមាតុភាព តាមរយៈពណ៌ និមិត្តរូប និងកំណាព្យចក្ខុ។

ស្នាដៃរូបថតចំនួន៩ផ្ទាំងនោះគឺឆ្លុះបញ្ចាំងពី បម្រែបម្រួលរូបរាងកាយ អារម្មណ៍ និងបទពិសោធន៍ជីវិតថ្មីៗដែលសិល្បការិនីរូប់នេះបាន ជួបប្រទះ ក្នុងអំឡុងពេលមាតុភាពលើកដំបូង ខណៈពេលដែលប្រទេសកម្ពុជាកំពុងរកវិធាន ការណ៍ដោះស្រាយនឹងការកើនឡើងនៃជំងឺឆ្លងរីករាលដាលកូវីដ-១៩ជារៀងរាល់ថ្ងៃ។

សិល្បការិនី​ នាក់​ សុផល

ការមានផ្ទៃពោះក្នុងអំឡុងជំងឺរាតត្បាត បានផ្តល់នូវអារម្មណ៍ពីរបញ្ច្រាសគ្នាសម្រាប់ សិល្បការិនីរូបនេះ។ មួយគឺស្ថានភាពនៃការឆ្លងរីករាលដាល បង្កើតនូវកង្វល់សម្រាប់ស្រ្តីមាន ផ្ទៃពោះ ដោយសារតែពួកគាត់ជួបការលំបាកក្នុងការចេញទៅក្រៅខុសពីសព្វដង ហើយពួក គាត់ក៏ត្រូវបង្កើតទម្លាប់ថ្មីនៃវិធានការណ៍ការពារសុវត្ថិភាពជានិច្ច។ តែទន្ទឹមនឹងនេះ វាក៏ជា ពេលវេលាមានអំណោយផលផងដែរ ព្រោះវាផ្តល់នូវការសម្រាកដ៏ពិតប្រាកដ និងពេល វេលាសមរម្យមួយ ដែលអាចឱ្យគាត់ពិចារណាយ៉ាងលម្អិតអំពីដំណើរជីវិតរបស់ខ្លួន។ នេះសបញ្ជាក់ ឡើងតាមរយៈរូប «របត់ថ្មី» ដែលមានរំលេចផ្ការីក នៅលើម៉ាស់ នឹងផ្ទៃពោះ។

បទពិសោធន៍របស់សិល្បការិនី សុផល ឆ្លុះបញ្ចាំងពីរឿងរ៉ាវជាច្រើនដែកើតឡើងលើស្រ្តីជា ម្ដាយ ប៉ុន្តែគេមិនសូវជជែក និងចែករំលែកឱ្យទូលំទូលាយឡើយ ដោយយល់ថាវាគ្រាន់តែជា លក្ខខណ្ឌធម្មជាតិធម្មតាប៉ុណ្ណោះ។ នេះ ក៏ជាមូលហេតុដែលធ្វើឱ្យមនុស្សស្រីមួយ ចំនួនយល់ថា គេមិនអាចបង្ហាញពីការលំបាក ឬភាពទន់ខ្សោយរបស់ពួកគេឡើយ។ មួយវិញទៀត ពេលដែលមនុស្សនិយាយរឿងមានផ្ទៃពោះ ពួកគាត់តែងតែគិតអំពីសុភមង្គល និង ភាពរីករាយដែលអាចនឹងកើតឡើង ជាជាងការទទួលខុសត្រូវ និងការលំបាកនានាដែលឪពុក ម្តាយគ្រប់រូបត្រូវទទួលខុសត្រូវពេញមួយជីវិត។

សម្រាប់អ្នកនាង នាក់ សុផល ការមានកូន គឺជាកិច្ចសន្យាមួយ ដើម្បីមនុស្សត្រូវទទួលខុសត្រូវ ដោយជៀសមិនបាន ប៉ុន្តែវាជាមេរៀនជីវិតមួយដែលមនុស្សត្រូវស្វែងរកគន្លឹះដើម្បីទទួលយក និងរៀនរស់នៅជាមួយភារៈកិច្ចពេញមួយជីវិតនេះដោយរីករាយ និងដោយការទទួលខុសត្រូវ។ អ្នកនាង សុផល ស្នើឱ្យទស្សនិកជនដែលចូលរួមទស្សនាពិព័រណ៍ចូលរួមចែករំលែកពីតំណម ឬ ចំណេះដឹងផ្សេងៗដែលពួកគាត់ធ្លាប់ដឹង ធ្លាប់ឮ ឬធ្លាប់ឆ្លងកាត់ ដោយសរសេរលើផ្ទាំងធំមួយ ដែលជាផ្នែកនៃពិព័រណ៍នេះ។

រូបភាព៩ផ្ទាំងរបស់សិល្បការិនី នាក់ សុផល កំពុងដាក់តាំងបង្ហាញនៅគម្រោងសិល្បៈស-ស ចាប់ពីថ្ងៃទី​៦ ខែឧសភា រហូតដល់ ថ្ងៃទី​១៦ កក្កដា ឆ្នាំ​២០២២៕

អត្ថបទពាក់ព័ន្ធ ស្នាដៃ ៖

«ម្ចាស់ទឹកម្ចាស់ដី» ប្រមូលស្នាដៃសំខាន់ៗពោរពេញដោយគំនិតច្នៃប្រតិដ្ឋ

ស្នាដៃថ្មី! របាំងមុខនាគរបស់សិល្បករ ខ្វៃ សំណាង ច្នៃប្រតិដ្ឋចេញពីវល្លិ

សិល្បករចំនួន ៣៧រូបមកពីទ្វីបអាស៊ីនិងអឺរ៉ុប បង្ហាញស្នាដៃកម្រ និងរូបភាពអាយុកាលរាប់រយឆ្នាំដាក់តាំងឱ្យទស្សនាសេរីនៅសារមន្ទីរជាតិ

សិល្បករ២រូប តាំងបង្ហាញស្នាដៃបង្កប់គំនិតទស្សនៈស៊ីជម្រៅក្នុងពិព័រណ៍រូបថតភ្នំពេញ២០២១

Share.