ពងទាកូនស្រែរនោងគឺជាអត្តសញ្ញាណកសិកម្មដ៏សំខាន់មួយនៅក្នុងខេត្តតាកែវ។ នៅពេលនិយាយពីមុខម្ហូបឆ្ងាញ់គេនឹកឃើញដល់បង្កងទឹកសាបខេត្តតាកែវ ក្នុងនោះក៏មានពងទាកូនឆ្ងាញ់ប្រចាំខេត្តនេះដែរ។ ក្នុងចំណោមកសិដ្ឋានធំៗចិញ្ចឹមទា និងកន្លែងភ្ញាស់ពងទាកូនធំៗនៅឃុំស្រែរនោង ស្រុកត្រាំខេត្តតាកែវ គឺកសិដ្ឋានរបស់ លោក សូត្រ សុផល ជាប់ចំណាត់ថ្នាក់ជាកសិដ្ឋានគំរូមួយប្រចាំខេត្ត។
តើលោកសូត្រ សុផល គឺជានរណា ហើយលោកផ្ដើមជីវិតដូចម្ដេចបានក្លាយជាអ្នកចិញ្ចឹមទារ និងមានកន្លែងភ្ញាស់ពងទាធំមួយ ក្នុងចំណោមកសិដ្ឋានធំៗនៅក្នុងខេត្តតាកែវ?
សូមចុចអាន៖ រមណីយដ្ឋានទឹកជ្រោះផ្អោកគិរីវង់ មានទឹកធ្លាក់ស្អាត និងមានត្បូងមានតម្លៃជាច្រើន

វ័យ៥១ឆ្នាំ លោក សូត្រ សុផល ប្រធានសមាគមអាជីវកម្មពងទាកូនស្រែរនោង បានចាបផ្ដើមរកស៊ីខ្លួនឯងដោយផ្ដើមទុន៨០ម៉ឺនរៀលនៅឆ្នាំ២០០៧ ដើម្បីទិញលក់ពងទាកូន និងរៀបចំឡតូចមួយសម្រាប់ភ្ញាស់ពងទាកូន។ នៅមុនសម្រេចចិត្តរកស៊ី លោក សូត្រ សុផល មានទស្សនៈមួយថាបើត្រឹមតែជួលគេរៀននោះមិនសូវចេះនោះទេ ព្រោះថាបានតែទ្រឹស្ដី ម៉្លោះហើយ លោកបានសម្រេចចិត្តទៅស៊ីឈ្នួលគេអស់រយៈពេល៦ឆ្នាំ ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៧។ នៅអំឡុងស៊ីឈ្នួលគេ លោកបានបទពិសោធជាច្រើនពីរបៀបចិញ្ចឹមទា ភ្ញាស់ពងទាកូន និងស្គាល់អំពីទីផ្សារច្បាស់នៃអាជីវកម្មពងទាកូន។ ក្រោយពីទទួលបានបទពិសោធរួចហើយ លោកប្រថុយមករកស៊ីភ្ញាស់ពងទាកូនលក់ដោយខ្លួនឯង និង ឈប់ស៊ីឈ្នួលគេ។
សូមចុចអាន៖ ទន្លេបាទីពង្រឹងសេវា កំណត់តម្លៃអាហារ ដើម្បីស្រូបភ្ញៀវទេសចរ

លោកសូត្រកំពុងផ្ដល់សម្ភាសន៍ ហើយស្រ្តីពាក់អាវពណ៌លឿងគឺជាភរិយាលោកសូត្រ សុផល
លោកសូត្រ សុផល បានចាត់ទុកថាអាជីវកម្មនេះបានធ្វើឱ្យជីវភាពគ្រួសាររបស់លោកបានធូរមកដល់សព្វថ្ងៃ ខណៈនៅអំឡុងទសវត្ស៩០ លោកគ្មានជំនាញអ្វីនោះទេ គឺដើរលាងចានឱ្យគេ និងសុំបាយវត្ត ក្រោយមកទៀតលោកបានធ្វើជាជាងកាត់សក់ ជាងប៉ះកង់ កម្មករសំណង់ និងជាអ្នកស៊ីឈ្នួលដឹកពងទាកូនឱ្យគេ ប៉ុន្ដែចាប់ពីផ្ដើមរកស៊ីខ្លួនឯងជាអ្នកចិញ្ចឹមទា និងភ្ញាស់ពងទាកូនដោយខ្លួនឯងលោកមានផ្ទះ មានផ្ទះ មានដី និងកសិដ្ឋានខ្លួនឯង ដែលអាចរកចំណូលបាន២០ម៉ឺនរៀល ជារៀងរាល់ថ្ងៃពីការលក់ពងទាកូន ដែលបោះដុំបន្ដក្នុងខេត្ត និងបណ្ដារាជធានីខេត្តផ្សេងៗជាដើម។
សូមចុចអាន៖ មកដឹងពីប្រវត្តិ ប្រាសាទភ្នំជីសូរ អាយុកាលជាង១ពាន់ឆ្នាំ






ផ្ដើមពីទុន២០ម៉ឺនរៀល ឥលូវលោកមានឡភ្ញាស់ពងទាកូនខ្លួនឯងដែលចំណាយទុនអស់៥ពាន់ដុល្លារ ហើយមានសមត្ថភាពដាក់ពងទាកូនបាន៤ម៉ឺនគ្រាប់ បើគិតជាលុយប្រហែលជា៥០ទៅ៦០លានរៀលទើបដាក់ពេញឡនេះ។ លោកបានលើកឡើងថា ការភ្ញាស់ពងទាកូនលក់តែមួយមុខមិនអាចមានលំនឹងសេដ្ឋកិច្ចនោះ ម៉្លោះហើយលោកក៏មានការចិញ្ចឹមទាផងដែរ ដែលបច្ចុប្បន្ននេះ លោកមានទាប្រមាណជា១៥០០ក្បាល។
សូមចុចអាន៖ ដំណឹងល្អ! ជើងកូនដំរី លំផាត់ ជិតជាសះស្បើយ ១០០%ហើយ


ទាក់ទងនឹងការចិញ្ចឹមទាឲ្យឆាប់បានផល លោកសូត្រ សុផល បានចែករំលែកបទពិសោធថា រាល់ការចិញ្ចឹមត្រូវរក្សាអនាម័យទ្រុង កុំឱ្យមានក្លិន ដោយធ្វើយ៉ាងណាឱ្យទ្រុងស្ងួតទើបពុំមានក្លិនស្អុយ ហើយរក្សាគម្លាត និងទីធ្លាស្រឡះល្អ ធ្វើឱ្យទាមានសុខភាពល្អ និងមិនស្រ្ដេស ដែលធ្វើឱ្យការទទួលផលពងទាបានច្រើន។
ឯការភ្ញាស់ពងទា ឬពងទាឆ្ងាញ់វិញ លោកសូត្រ សុផល បានពន្យល់ថា នៅមុនពេលដាក់ចូលឡភ្ញាស់ពងទា គឺត្រូវយកទៅហាលថ្ងៃមួយសន្ទុះធំសិន បន្ទាប់មកបានយកទៅដាក់នៅក្នុងឡ ឬទូភ្ញាស់ពងទា ហើយត្រូវមើលថែជាប្រចាំដោយឆ្លៀតពេលខ្លះដើម្បីបង្វិលពងទា ដើម្បីឲ្យទទួលកំដៅបានគ្រប់ ហើយការលូតលាស់ពងទាបានល្អ ហើយកម្ដៅដែលល្អ គឺចន្លោះ៣៦ទៅ៣៨អង្សាសេ។
កត្តាចិញ្ចឹមទាបានត្រឹមត្រូវតាមបច្ចេកទេស និងរបៀបនៃការភ្ញាស់ពងទាបានល្អ ដោយប្រើប្រាស់ឡកម្ដៅបែបធម្មជាតិ បែបធម្មជាតិគ្រាន់តែប្រើប្រាស់សង្សីសងខាងនិងដាក់អង្កាមនៅកណ្ដាលធ្វើឱ្យមានកម្ដៅ រួចបើកកង្វាល់ជាប្រចាំនាំកម្ដៅទៅដល់ពងទាគ្រប់ ធ្វើឱ្យការលូតលាស់ពងទារល្អ និងរសជាតិពងទាកូនឆ្ងាញ់។ នេះជាគន្លឹះសំខាន់ដែលធ្វើឱ្យពងទាកូនខេត្តតាកែវទទួលបានប្រជាប្រិយភាពថាពងទាកូនខេត្តតាកែវឆ្ងាញ់។

ចំពោះការប្រមូលផលពងទាកូន លោកសូត្រ សុផល បានបញ្ជាក់ថាជាទូទៅពងទាកូនរក្សាក្នុងឡ ឬទូភ្ញាស់ចាប់ពី១៦ថ្ងៃ ដល់២០ថ្ងៃគឺអាចយកទៅលក់បានហើយ ប៉ុន្ដែរដូវត្រជាក់អាយុ១៩ទៅ២០ថ្ងៃ ទើបពងទាកូនធំល្មមសម្រាប់ទទួលទានហើយរសជាតិឆ្ងាញ់។ ចាប់ពី២៨ដល់៣០ថ្ងៃ ពងទាកូននឹងញាស់ជាពងទាទាំងអស់។
បទពិសោធន៍ចិញ្ចឹមទា និងភ្ញាស់ពងទាកូនរយៈពេលជិត២០ឆ្នាំមកនេះ លោកសូត្រ សុផល បានរកឃើញទ្រឹស្ដីសម្រាប់ខ្លួនឯងដែលនាំអាជីវកម្មរបស់លោកឈរជើងបានយូរ និងរឹងមាំ ហើយចេះតែរីកចម្រើននោះ ដោយមានពាក្យមួយឃ្លាថា «រកស៊ីទាមទារស្មោះត្រង់ គឺបើលក់ពងទាកូនគឺឱ្យបានតាមតម្រូវចិត្តរបស់អតិថិជនចង់បាន កូនតូចគឺតូច កូនធំគឺធំ»។ លោកបន្ដថា «រកស៊ីបន្លំ ខូចម៉ូយ ខូចមុខ»។

សព្វថ្ងៃនេះ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ប្រជាជន៣០% នៃប្រជាជនសរុបបានប្រកបអាជីវកម្មចិញ្ចឹមទា និងភ្ញាស់ពងទាកូន ហើយឃុំនេះអាចផ្គត់ផ្គង់ពងទាកូនឱ្យទីផ្សារមិនក្រោម២០ម៉ឺនគ្រាប់ក្នុង១ថ្ងៃ ហើយរាជធានីភ្នំពេញជាទីផ្សារធំជាងគេ។ ជាឃុំចិញ្ចឹមនិងភ្ញាស់ពងទាច្រើនជាង ធ្វើឱ្យឃុំនេះល្បីល្បាញ នៃពងទាកូនស្រែរនោង ក្លាយជាផលិតផលសម្គាល់ភូមិសាស្រ្ត ហើយសម្ដេច ហ៊ុន សែន ធ្លាប់បានចាត់ទុកខេត្តតាកែវថា «ខេត្តនៃអធិរាជពងទាកូន»ផងដែរ៕
សូមទស្សនាវីដេអូខាងក្រោម៖







